លោក ពៅ ភក្តី

នាយកចាងហ្វាង

ខ្ញុំបាទ ពៅ ភក្តី មានស្រុកកំណើតនៅភូមិបង់បក់ ឃុំភ្នំប្រាសាទ ស្រុកកំពង់ត្រាច ខេត្តកំពត។ នៅឆ្នាំ1999 បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងបានប្រឡងជាប់នៅសាលាបណ្តុះបណ្តាលគរុកោសល្យ និងវិក្រឹតការខេត្តកំពត រួចចេញធ្វើជាគ្រូបង្រៀននៅឆ្នាំ2001។ ដោយមានការស្រឡាញ់ការអប់រំនៅឆ្នាំ2004 ខ្ញុំបានបន្តការសិក្សាថ្នាក់មហាវិទ្យាល័យនៅសកលវិទ្យាល័យបៀលប្រាយ ផ្នែកនីតិសាស្ត្រ និងបានបញ្ចប់ការសិក្សានៅឆ្នាំ2009។ នៅថ្ងៃទី17 ខែកញ្ញា ឆ្នាំ2007 ខ្ញុំបានចូលបម្រើការងារជាគ្រូបង្រៀននៅសាលារៀន អន្តរទ្វីប អាមេរិកាំង។ ដោយមានការខិតខំប្រឹងប្រែង និងទំនួលខុសត្រូវលើការងារជាមួយអាជីពរបស់ខ្លួន ខ្ញុំត្រូវថ្នាក់ដឹកនាំសាលាដំឡើងតួនាទីជា          ចាងហ្វាងរងបឋមសិក្សា នៅថ្ងៃទី01 ខែកញ្ញា ឆ្នាំ2014។ ក្រោយមកដោយក្រុមហ៊ុន និងសាលាមានការរីកចម្រើន ព្រមទាំងអ្នកអាណាព្យាបាលផ្តល់ទំនុកចិត្តផងដែរ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានពង្រីកសាខាប​ន្ថែមនៅតំបន់ចាក់អង្រែក្រោមក្នុងឆ្នាំសិក្សា2015-2016។​ ខ្ញុំបាទត្រូវបានគណៈគ្រប់គ្រងដំឡើងតួនាទីបន្ថែមទៀត នៅថ្ងៃទី18 ខែវិច្ឆិកា ឆ្នាំ2015 ជាចាងហ្វាងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សានៅសាខាចាក់អង្រែ។ បច្ចុប្បន្នភាពនេះផងដែរ នៅថ្ងៃទី01 ខែកញ្ញា ឆ្នាំ2022 ខ្ញុំបាទត្រូវបានដំឡើងតួនាទីបន្តទៀត គឺជានាយកចាងហ្វាង សាខាផ្សារថ្មី។

ឆ្លងតាមបទពិសោធក្នុងវិស័យអប់រំជាង20ឆ្នាំមកនេះ ខ្ញុំបាទយល់ច្បាស់ថាការអប់រំជាចំណែកមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស អភិវឌ្ឍសង្គម និងឈានទៅដល់ការអភិវឌ្ឍជាតិឱ្យបានរីកចម្រើនឱ្យទាន់សម័យកាលឌីជីថល4.0 ហើយក៏ជាចំណែកមួយសំខាន់ក្នុងការអប់រំមនុស្សឱ្យមានសេចក្តីថ្លៃថ្នូផងដែរ។

សាលារៀន អន្តរទ្វីប អាមេរិកាំង បានរួមចំណែកមួយភាគធំក្នុងការអភិវឌ្ឍវិស័យអប់រំនេះផងដែរ ដោយសាលាបានយកចិត្តទុកដាក់ខ្ពស់ក្នុងបណ្តុះបណ្តាលសិស្សដោយឈរនៅលើគោលការណ៍របស់ខ្លួនគឺ “គុណភាព វិន័យ និងសេវាកម្ម” ព្រមទាំងមានចក្ខុវិស័យ និងបេសកកម្មច្បាស់លាស់តាមច្បាប់អប់រំទាំងផ្នែកចំណេះដឹង សីលធម៌   និងសុជីវធម៌ពិតប្រាកដ។

ដើម្បីឱ្យការសិក្សារបស់សិស្សម្នាក់ៗទទួលបានជោគជ័យទាំងព្រមលើចំណេះដឹង សីលធម៌ និងសុជីវធម៌ លោក លោកស្រីជាមាតាបិតា ឬអ្នកអាណាព្យាបាលក៏ជាចំណែកមួយដ៏សំខាន់ក្នុងការអប់រំផងដែរ ដោយមានការជំរុញ តាមដាន លើកទឹកចិត្តជាប្រចាំទៅកាន់បុត្រធីតា ព្រមទាំងធ្វើជាដៃគូរមួយដ៏ជិតស្និទ្ធិជាមួយលោកគ្រូ អ្នកគ្រូ និងសាលារៀនប្រកបដោយភាតរភាព។

ជាចុងក្រោយខ្ញុំបាទពិតជាមានសេចក្តីសោមនស្ស អំណរអរគុណដល់លោក លោកស្រីជាមាតាបិតា និងអ្នកអាណាព្យាបាលសិស្ស ដែលតែងតែផ្តល់ទំនុកចិត្តដល់សាលារៀន អន្តរទ្វីប អាមេរិកាំង ក៏ដូចជាក្រុមហ៊ុន MJQEផងដែរ។ សូមគោរពជូនពរលោក លោកស្រីជាមាតាបិតា និងអ្នកអាណាព្យាបាល ព្រមទាំងប្អូនៗសិស្សានុសិស្សទាំងអស់សូមមានសុខភាពល្អ សុភមង្គលក្នុងក្រុមគ្រូសារ និងជោគជ័យគ្រប់ភារកិច្ច។