សួស្តីលោក លោកស្រី ដែលជាអ្នកអាណាព្យាបាល អតិថិជន និងប្អូនៗសិស្សានុសិស្សអស់គ្នា!
សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី សូមស្វាគមន៍អ្នកទាំងអស់គ្នាដែលបានចូលមក កាន់គេហទំព័រ របស់យើងខ្ញុំ។ យើងខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានបង្ហាញជូនអស់លោក លោកស្រី និងប្អូនៗទាំងអស់គ្នានូវអ្វីដែលយើងបានធ្វើ កំពុងធ្វើ និងអ្វីដែលជាទិសដៅរបស់យើង ក្នុងនាមជា ថ្នាលបណ្តុះបណ្តាលធនធានមនុស្សមួយប្រកបដោយគុណភាព និងជាទីទុកចិត្តរបស់ អ្នកអាណាព្យាបាល និងប្អូនៗសិស្សានុសិស្សទាំងអស់ដែលកំពុងមានវត្តមាននៅក្នុងគ្រឹះស្ថាន របស់យើងខ្ញុំ។ នាងខ្ញុំតំណាងឱ្យលោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់ នៅក្នុងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី មានការតាំងចិត្ត និងជំនឿចិត្តយ៉ាងមុតមាំថាពួកយើងនឹងបណ្តុះបណ្តាល ប្អូនៗទាំងអស់ដែលកំពុងសិក្សានៅក្នុងគ្រឹះស្ថានរបស់យើងខ្ញុំឱ្យទៅទាំងព្រមជាមួយនឹងចំណេះដឹង ចំណេះធ្វើ សីលធម៌ល្អប្រពៃ និងចេះរស់នៅជាមួយគ្នា ដែលគេឱ្យឈ្មោះថា ចតុស្តម្ភនៃការអប់រំ ដោយស្របតាមចក្ខុវិស័យវិស័យរបស់សាលារៀន និងគោលនយោបាយអប់រំរបស់ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងយុគសម័យឌីជីថល។ សិស្សានុសិស្សដែលសិក្សានៅសាលារៀន អន្តរទ្វីប អាមេរិកាំង នឹងក្លាយទៅជាធនធានមនុស្ស ដ៏សំខាន់នៅពេលអនាគត ជាសរសេរស្តម្ភ ដ៏រឹងមាំសម្រាប់ប្រទេសជាតិ។ ជាការពិតណាស់ ការតាំងចិត្ត និងមានជំនឿចិត្តខាងលើនេះ ពិតជាមិនអាចខ្វះបានពីសំណាក់អស់លោក លោកស្រី ដែលជាអ្នកអាណាព្យាបាល សិស្សានុសិស្ស មហាជន រដ្ឋាភិបាល និងអ្នកពាក់ព័ន្ធផ្សេងទៀតដែលជាកត្តាលិករ និងជាដៃគូរដ៏មានសារៈសំខាន់ក្នុងការជួយជ្រោមជ្រែងអ្នកជំនាន់ក្រោយរបស់យើង ឱ្យក្លាយទៅជា គ្រាប់ពេជ្រសម្រាប់គ្រួសារ និងសង្គមជាតិ។
ជាចុងក្រោយនាងខ្ញុំពិតជាមានសេចក្តីសោមនស្ស អំណរអរគុណដល់លោក លោកស្រីជា មាតាបិតា និងអ្នកអាណាព្យាបាលសិស្ស ដែលតែងតែផ្តល់ទំនុកចិត្តដល់សាលារៀន អន្តរទ្វីប អាមេរិកាំង ក៏ដូចជាក្រុមហ៊ុន MJQE។ សូមគោរពជូនពរលោក លោកស្រីជាមាតាបិតា និងអ្នក អាណាព្យាបាល ព្រមទាំងប្អូនៗសិស្សានុសិស្សទាំងអស់មានសុខភាពល្អ សុភមង្គលក្នុង ក្រុមគ្រួសារ និងជោគជ័យគ្រប់ភារកិច្ច។