មជ្ឈមណ្ឌល ភាសា អេ អាយ អាយ និងសាលារៀន អន្តទ្វីប អាមេរិកាំង របស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០នេះ បានសហការគ្នារៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៩ ក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ»កម្មវិធីនេះរៀបចំឡើងដោយមានការអញ្ជើញចូលរួមពីគណៈគ្រប់គ្រងមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ព្រមទាំងលោកគ្រូអ្នកគ្រូប្រមាណជាង២០០នាក់។
ថ្លែងក្នុងឱកាសនេះ លោកស្រី រស់ យ៉ាណា ប្រធានសាលារៀន អន្តរទ្វីប បានលើកឡើងថា ស្រ្តីមានសិទ្ធស្មើនឹងបុរស ហើយស្រី្តកុំគិតថា ថ្ងៃ៨មីនានេះ គឺថ្ងៃមានសិទ្ធិលើប្រុសនោះទេ។ លោកស្រីថា ស្ត្រីទាំងអស់សុទ្ធតែទទួលបានសិទ្ធិស្មើគ្នារវាងបុរសនិងស្ត្រី គឺមានសិទ្ធិមានការងារដូចគ្នា ទទួលបានប្រាក់កម្រៃដូចៗគ្នា មិនមានបែងចែកនោះទេ ហើយទទួលបានការគាំពារទៅលើសុខភាពមាតានិងទារកដូចៗគ្នាផងដែរ។
លោកស្រី រស់ យ៉ាណា បញ្ជាក់ថា សម្រាប់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលមានលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ជាប្រធាន គឺតែងតែយកចិត្តទុកដាក់និងផ្ដោតសំខាន់បំផុតចំពោះស្ត្រី ជាពិសេសនោះ គឺជំរុញឱ្យស្រ្តីចូលរួមគ្រប់សកម្មភាពនៅក្នុងសង្គម មានភាពក្លាហានដឹកនាំគ្រួសារ ក្រុមហ៊ុន និងសង្គមឱ្យមានការល្អប្រសើរ។
ជាមួយនឹងគ្នានេះដែរ លោក ឡាយ សុភា នាយកមជ្ឈមណ្ឌលភាសា អេ អាយ អាយ បានលើកឡើងថា មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែប្រារព្ធពិធីអបអរទិវាសិទ្ធិនារីអន្តរជាតិជារៀងរាល់ឆ្នាំ ដើម្បីចូលរួមលើកស្ទួយស្រ្តីនៅក្នុងសង្គម ព្រោះស្រ្តីជាភេទងាយរងគ្រោះងាយទទួលការរើសអើង និងងាយទទួលរងនូវអំពើហិង្សាក្នុងគ្រួសារ រួមទាំងការរំលោភបំពានផ្សេងៗ។
សម្រាប់លោក ឡាយ សុភា បានចាត់ទុកស្ត្រី គឺជាឆ្អឹងខ្នងគ្រប់គ្រងសេដ្ឋកិច្ចគ្រួសារដែលបានផ្តល់ភាពកក់ក្តៅ ទំនុកចិត្ត និងភាពស្និទ្ធស្នាលដល់កូនដែលមិនអាចខ្វះបាន ហើយជាដៃគូដ៏មានសមត្ថភាពនិងលទ្ធភាពដូចបុរសដែរ។
សង្គមស៊ីវិលមើលឃើញថា ស្ត្រីកម្ពុជាក្នុងសម័យទំនើបមានការផ្លាស់ប្ដូរតួនាទីជាច្រើន ដោយពួកគាត់ត្រូវចេញទៅធ្វើការរកប្រាក់ចំណូលនៅខាងក្រៅ ដើម្បីផ្គត់ផ្គង់គ្រួសារបន្ថែមពីលើកិច្ចការដែលខ្លួនទទួលខុសត្រូវនៅក្នុងផ្ទះមួយកម្រិតទៀត។ ទន្ទឹមនឹងផ្លាស់ប្ដូរតួនាទីនេះ គេនៅតែរំពឹងចង់ឱ្យស្ត្រីរក្សាឫកពា សុភាពរាបសា មានសេចក្ដីថ្លៃថ្នូរ ដើម្បីផ្ដល់កិត្តិយសដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។
សូមជម្រាបជូនថា ក្នុងកម្មវិធីអបអរទិវាអន្តរជាតិនារី ៨មីនា ដ៏សែនរីករាយនេះ ក្រៅពីមានការច្រៀងនិងលេងល្បែងប្រជាប្រិយផ្សេងៗ ក៏មានការជូននូវបាច់ផ្កាដល់គ្នាទៅវិញទៅមក ព្រមទាំងថតរូបទុកជាអនុស្សាវរីយ៍ផងដែរ៕