អត្ថបទព័ត៌មានស្តីពីអាជីព និងការងារ
ក្រោមប្រធានបទ “ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង”
អត្ថបទដកស្រង់ដោយ : សេង យូសាន
#MJQE#AmericanInterconSchool
ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង គឺជាគោលនយោបាយ និងនីតិវិធីដែលបង្កើតទ្បើងដោយគណៈគ្រប់គ្រង ដើម្បីការពារទ្រព្យសម្បត្តិ និងធានាឱ្យមានប្រសិទ្ធភាពនៃប្រតិបត្តិការ។ ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង រួមមានច្បាប់ គោលនយោបាយ និងនីតិវិធី។ គោលបំណងរបស់ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង គឺដើម្បីប្រាកដថាអាជីវកម្មបានធ្វើប្រតិបត្តិការមានប្រសិទ្ធភាព ការពារទ្រព្យសម្បត្តិ ការពារទុកជាមុន (Preventive) និងរកឃើញ (Detective) ការគៃបន្លំ កំហុសឆ្គង កត់ត្រាព័ត៌មានគណនេយ្យត្រឹមត្រូវ និងពេញលេញ និងរៀបចំព័ត៌មានហិរញ្ញវត្ថុបានទាន់ពេល។ ភាពមានដែនកំណត់របស់ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង គឺមិនអាចប្រែក្លាយអ្នកគ្រប់គ្រងមិនល្អ ទៅជាល្អបាន អាចធានាអះអាងបានតែលើគោលបំណងរបស់អាជីវកម្មថានឹងធ្វើបានសម្រេចតែប៉ុណ្ណោះ មិនអាចការពារបាននូវកំហុសឆ្គងមួយចំនួនកើតដោយកំហុសអចេតនា ហើយមិនអាចធ្វើទៅបាននៅពេលមានការឃុបឃិតគ្នា និងមិនមានការចូលរួមត្រួតពិនិត្យពីគណៈគ្រប់គ្រង បង្កើតសម្រាប់ដោះស្រាយតែប្រតិបត្តិការកើតទ្បើងជាប្រចាំថ្ងៃ និងអនុវត្តមិនទាន់មានប្រសិទ្ធភាពនៅពេលមានបញ្ហាកង្វះធនធាន។
ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង មានធាតុសំខាន់ៗចំនួន៥ រួមមាន៖ បរិយាកាសត្រួតពិនិត្យ (Control Environment) ការវាយតម្លៃហានិភ័យ (Risk Assessment) សកម្មភាពត្រួតពិនិត្យ (Control Activities) ព័ត៌មាន និងការទំនាក់ទំនង (Information and Communication) និងការត្រួតពិនិត្យ (Monitoring)។ ដោយប្រព័ន្ធត្រួតពិនិត្យមានលក្ខណៈសិក្សាលម្អិតច្រើន ហេតុនេះខ្ញុំបាទសូមលើកយកធាតុសំខាន់មួយមកសិក្សាលម្អិត។ បរិយាកាសត្រួតពិនិត្យ (Control Environment) គឺជាការកំណត់នូវដំណើរការ រចនាសម្ព័ន្ធ និងស្តង់ដានៃការអនុវត្តការងារ ជាមូលដ្ឋានគ្រឹះសម្រាប់គ្រប់គ្រង និងត្រួតពិនិត្យនៅក្នុងអាជីវកម្ម។ បរិយាកាសត្រួតពិនិត្យ បង្កើតទ្បើងប្រកបដោយប្រសិទ្ធភាពនៅក្នុងកម្រិតអង្គភាពមួយនោះ ត្រូវមានកត្តាមួយចំនួនដូចខាងក្រោម៖
– បុគ្គលបានយល់ពីទំនួលខុសត្រូវរបស់ខ្លួន។
– កំណត់ និងផ្តល់សិទ្ធិអំណាច និងការទទួលខុសត្រូវនៅក្នុងការគ្រប់គ្រង។
– មានចំណេះដឹង មានស្មារតី និងតាំងចិត្តធ្វើអ្វីដែលត្រឹមត្រូវ។
– ត្រូវមានសមត្ថភាពបច្ចេកទេសពេញលេញ។
– ការគ្រប់គ្រង និងការដឹកនាំបែបវិជ្ជមាន និងធ្វើសកម្មភាពដោយមានក្រមសីលធម៌។
– ស្តង់ដាតែមួយសម្រាប់ការអនុវត្តការងារនៅក្នុងអាជីវកម្ម។
– ឱ្យតម្លៃលើ សុចរិតភាព ស្តង់ដាផ្ទាល់ខ្លួន និងវិជ្ជាជីវៈ ដោយគណៈគ្រប់គ្រង។
– លើកកម្ពស់ការត្រួតពិនិត្យផ្ទៃក្នុងនៅក្នុងអាជីវកម្ម ដោយគណៈគ្រប់គ្រង ។
– បង្កើត និងទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពតាមរយៈការបង្កើតគោលនយោបាយ នីតិវិធី ក្រមសីលធម៌ និងស្តង់ដានៃការអនុវត្ត ជាលាយលក្ខណ៍អក្សរ។
– បុគ្គលិកមានការប្តេជ្ញាអនុវត្តតាមគោលការណ៍ នីតិវិធី ក្រមសីលធម៌ និងស្តង់ដាអាកប្បកិរិយា។
ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងជាន់ខ្ពស់មានតួនាទីជាអ្នកបង្កើតនូវបរិយាកាសត្រួតពិនិត្យ។ ជាក់ស្តែងសម្រាប់ការគ្រប់ធនធានមនុស្សនៅក្នុងអាជីវកម្មមួយប្រកបដោយប្រសិទ្ធភាពត្រូវមានគោលនយោបាយ និងនីតិវិធីមួយចំនួនដូចជា៖ ការជ្រើសរើស (Hiring) ការប្រឹក្សា (Counseling) ការតម្រង់ទិស (Orientation) ការតែងតាំង (Promotions) ការបណ្តុះបណ្តាល (Training) សំណង (Compensation) ការវាយតម្លៃ (Evaluations) សកម្មភាពវិន័យ (Disciplinary actions)។ ក្នុងករណីដែលនិយោជិតមិនគោរពតាមគោលការណ៍ និងនីតិវិធីរបស់អាជីវកម្ម ឬស្តង់ដាអាកប្បកិរិយា នោះអាជីវកម្មត្រូវតែចាត់វិធានការវិន័យសមស្រប ដើម្បីរក្សាបរិយាកាសត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាព។ ដូចគ្នានោះដែរនៅកម្រិតផ្នែកនីមួយៗនៃអាជីវកម្ម ដើម្បីបង្កើតបាននូវបរិយាកាសត្រួតពិនិត្យឱ្យបានល្អ នោះត្រូវមានចំណុចមួយចំនួនដូចជា៖
– ផ្តល់នីតិវិធីជាលាយលក្ខណ៍អក្សរ : ប្រាកដថាគោលការណ៍ និងនីតិវិធីនៃផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ មានសៀវភៅណែនាំបុគ្គលិក សៀវភៅណែនាំអំពីការទិញ អនុស្សរណៈបុគ្គលិក និងគោលការណ៍សម្រាប់ដោះស្រាយសកម្មភាពសំខាន់ៗមាននៅក្នុងផ្នែករបស់ខ្លួន។
– កំណត់ការទទួលខុសត្រូវ : ទំនួលខុសត្រូវរបស់និយោជិត កំណត់សិទ្ធិ បទដ្ឋាននៃការអនុវត្តការងារ នីតិវិធីត្រួតពិនិត្យ និងរចនាសម្ព័ន្ធនៃរបាយការណ៍គួរតែច្បាស់លាស់។
– ប្រាកដថានិយោជិតដឹងច្បាស់ពីគោលការណ៍ និងនីតិវិធីរបស់អាជីវកម្ម ដែលទាក់ទងនឹងទំនួលខុសត្រូវការងាររបស់ពួកគេ។
– និយាយដោយបើកចំហអំពីក្រមសីលធម៌ : ពិភាក្សាអំពីបញ្ហាសីលធម៌ជាមួយនិយោជិត ប្រសិនបើនិយោជិតត្រូវការការណែនាំបន្ថែម មានស្តង់ដានៃក្រមសីលធម៌របស់អាជីវកម្ម ត្រូវប្រាកដថានិយោជិតគោរពតាមគោលនយោបាយទំនាស់ផលប្រយោជន៍ និងបង្ហាញពីជម្លោះផលប្រយោជន៍ដែលអាចកើត មាន។
– ជ្រើសរើស និងបណ្តុះបណ្តាលឱ្យបានត្រឹមត្រូវ : ប្រាកដថាមាន តារាងពិពណ៌នាការងារ ការបញ្ជាក់ពីការទទួលខុសត្រូវលើការត្រួតពិនិត្យផ្ទៃក្នុងច្បាស់លាស់ បកប្រែឱ្យបានត្រឹមត្រូវតាមកម្រិតសមត្ថភាព ចំណេះដឹង ជំនាញ និងបទពិសោធដែលត្រូវការ មានការជ្រើសរើសបុគ្គលដែលមានសមត្ថភាព និងមានកម្មវិធី
បណ្តុះបណ្តាលគ្រប់គ្រាន់សម្រាប់បុគ្គលិក។
– វាយតម្លៃដោយយុត្តិធម៌ និងមានស្តង់ដា : ត្រូវប្រាកដថាការវាយតម្លៃការងាររបស់បុគ្គលិកត្រូវបានធ្វើឡើងជាទៀងទាត់។ រាល់ការអនុវត្តការងារបានល្អ គួរតែមានការផ្តល់តម្លៃ និងទទួលបានការទទួលស្គាល់ជាវិជ្ជមាន។
– វិន័យជាចាំបាច់ : ប្រាកដថាវិធានការវិន័យសមស្របត្រូវធ្វើឡើងនៅពេលដែលនិយោជិតមិនគោរពតាមគោលការណ៍ និងនីតិវិធី ឬបទដ្ឋានអាកប្បកិរិយា។