អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ “ហេតុអ្វីរៀនក្នុងថ្នាក់ហើយត្រូវមានកិច្ចការផ្ទះទៀត?”
អត្ថបទដោយ : ជាង ប៊ុនលី
#MJQE #American Intercon School
ពេលវេលាដែលបង្រៀន និងរៀនក្នុងថ្នាក់រាល់ថ្ងៃ គឺមិនគ្រប់គ្រាន់ទេសម្រាប់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។ ក្នុងនោះដែរកិច្ចការផ្ទះដែលលោកគ្រូ អ្នកគ្រូដាក់ឱ្យសិស្សធ្វើ គឺជាផ្នែកមួយនៃមេរៀនប្រចាំថ្ងៃរបស់ពួកគាត់ ដើម្បីពង្រីកចំណេះដឹង ខ្លឹមសារមេរៀនដែលបង្រៀនក្នុងថ្នាក់ទៅសិស្សានុសិស្សកាន់តែទូលំទូលាយបន្ថែមទៀត។ តែទន្ទឹមនោះដែរ មានកូនសិស្សមួយចំនួនតូច គាត់គិតថាកិច្ចការផ្ទះគឺរំខានពេលវេលាផ្ទាល់ខ្លួន និងបន្ថែមសម្ពាធដល់គាត់។ ដើម្បីឱ្យសិស្សានុសិស្សយល់កាន់តែច្បាស់អំពីកិច្ចការផ្ទះ ដែលលោកគ្រូ អ្នកគ្រូតែងតែដាក់ឱ្យធ្វើ ខ្ញុំសូមលើយកគុណប្រយោជន៍មួយចំនួន នៃការធ្វើកិច្ចការផ្ទះមកបង្ហាញដូចខាងក្រោម៖
– កិច្ចការផ្ទះជួយបំពេញចំណុចខ្លះចន្លោះដល់សិស្សានុសិស្ស និងឱ្យសិស្សានុសិស្សខ្លួនគាត់ដឹងថា ពួកគាត់នៅត្រង់ចំណុចណា ហើយត្រូវធ្វើម៉េចបន្តទៀត។
– កិច្ចការផ្ទះជួយបង្កើនការគិត ការវិភាគស៊ីជម្រៅ និងការចងចាំរបស់សិស្សានុសិស្ស។
– កិច្ចការផ្ទះជួយសិស្សបង្កើនទម្លាប់អាន ស្រាវជ្រាវ (ឯកសារផ្សេងៗតាមបណ្ណាល័យ អ៊ីនធឺណែត កន្លែងផ្សេង…) កត់ត្រា ចៀសវាងយកពេលវេលានៅផ្ទះទៅធ្វើអ្វីផ្សេងៗដែលមិនមានប្រយោជន៍។
– កិច្ចការផ្ទះធ្វើឱ្យសិស្សដឹងពីគន្លឹះសំខាន់ៗ ល្បិច បច្ចេកទេសនៃមេរៀន សំណួរ និងលំហាត់ ដែលជួយឱ្យការរៀនសូត្រពួកគាត់កាន់តែមានប្រសិទ្ធភាព និងទទួលបានចំណេះដឹងកាន់តែច្រើន និងទូលំទូលាយ។
– កិច្ចការផ្ទះជួយឱ្យសិស្សងាយចាប់បានមេរៀនក្នុងថ្នាក់ និងទទួលបានចំណេះដឹងថ្មីៗជាច្រើន។
– កិច្ចការផ្ទះធ្វើឱ្យសិស្សមានទំនួលខុសត្រូវ ម្ចាស់ការ និងអភិវឌ្ឍចំណេះ ជំនាញ និងការគ្រប់គ្រងពេលវេលាបានល្អ។
– កិច្ចការផ្ទះបណ្តុះឱ្យសិស្សមើលឃើញបញ្ហា និងចេះដោះស្រាយរាល់បញ្ហាដែលជួបប្រទះ និងជួយសិស្សឱ្យក្លាយជាសិស្សពូកែ។
– កិច្ចការផ្ទះបង្រៀនសិស្សឱ្យចេះរៀបចំផែនការទុកជាមុន និងបែងចែកភាពស្មុគស្មាញទៅជាផ្នែកតូចៗ និងរៀនដោយឯករាជ្យ។
– កិច្ចការផ្ទះដើរតួជាស្ពានរវាងលោកគ្រូ អ្នកគ្រូ និងអ្នកអាណាព្យាបាល ដែលអាចឱ្យពួកគាត់ដឹងថា កូនគាត់កំពុងធ្វើអី ហើយសាលារៀនកំពុងបង្រៀនអ្វីដល់កូនពួកគាត់។
– កិច្ចការផ្ទះធ្វើឱ្យលោកគ្រូ អ្នកគ្រូអាចវាស់ស្ទង់សមត្ថភាពសិស្ស និងអាចតាមដានការរីកចម្រើនរបស់សិស្ស និងងាយស្រួលរកវិធីសាស្ត្រក្នុងការជួយសិស្សទាន់ពេលវេលា។
ឆ្លងតាមការរៀបរាប់ខាងលើ កិច្ចការផ្ទះមានសារៈសំខាន់ណាស់ ព្រោះវាជួយអភិវឌ្ឍចំណេះដឹង ជំនាញដល់សិស្សានុសិស្សធ្វើឱ្យប្រសើរឡើងនូវវិន័យ ការប្រើប្រាស់ពេលវេលាបានយ៉ាងល្អ និងទទួលបានជោគជ័យក្នុងការសិក្សា និងអាជីពនាពេលអនាគត៕