អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណី
ក្រោមប្រធានបទ “ល្បែងរបាំប្រជាប្រិយខ្មែរកាន់តែរសាត់ឆ្ងាយពីយុវជនសម័យថ្មី!”
អត្ថបទដោយ : គុណ ភ័ត្រ្តា
#MJQE#AmericanInterconSchool
ក្រៅពីផ្ទាំងទស្សនីយភាពបែបបុរាណមួយចំនួនដែលបង្ហាញតាមរយៈកញ្ចក់ទូរទស្សន៍ និងតាមរមណីយដ្ឋានទេសចរណ៍មួយចំនួន ល្បែង របាំប្រជាប្រិយខ្មែរហាក់កំពុងរសាត់ឆ្ងាយបន្តិចម្តងៗពីអារម្មណ៍របស់យុវជនខ្មែរសម័យបច្ចុប្បន្ន។ ការបំភ្លេចវប្បធម៌ប្រពៃណីជាតិ ហើយនាំគ្នាចាប់យក វប្បធម៌សម័យទំនើបដែលជាការចម្លងតាមវប្បធម៌បរទេស គឺជាសញ្ញាគ្រោះថ្នាក់សម្រាប់ប្រពៃណី ខ្មែរ។
មនុស្សសម័យថ្មីនេះហាក់ដូចជានឿយណាយនឹងវប្បធម៌ ប្រពៃណីជាតិរបស់ខ្លួនខ្លាំងណាស់។ ផ្ទុយទៅវិញ ពួកគេបែរជាឆាប់ទទួលយកវប្បធម៌បរទេសយ៉ាងងាយទៅវិញ។ ជាក់ស្តែង គេសង្កេតឃើញថា ល្បែង របាំប្រជាប្រិយ ដែលជាអត្តសញ្ញាណសម្គាល់បុណ្យចូលឆ្នាំខ្មែរហាក់មិនសូវជាមានអ្នកនឹកនាលេងកម្សាន្តប៉ុន្មានឡើយ។
ល្បែងចោលឈូង បោះអង្គុញ លាក់កន្សែង វាយក្អម និងល្បែងជាច្រើនប្រភេទទៀតអមដោយបទចម្រៀងប្រជាប្រិយផ្តោះផ្តងក្នុងសម្លៀកបំពាក់ប្រពៃណីជាតិ ដែលជាអត្តសញ្ញាណនៃពិធីបុណ្យចូលឆ្នាំខ្មែរហាក់ដូចជាកាន់តែរសាត់ឆ្ងាយបន្តិចម្តងៗពីយុវវ័យសម័យថ្មី។ ផ្ទុយទៅវិញ ពិធីបុណ្យចូលឆ្នាំថ្មីហាក់កំពុងត្រូវបានគេប្រារព្ធឡើងក្នុងន័យកម្សាន្តសប្បាយទៅតាមការនឹកឃើញរៀងៗខ្លួនច្រើនជាងការដើរតាមគន្លងប្រពៃណីជាតិ។ ជាក់ស្តែង ពិធីរាំរែក ឬការជួបជុំក្នុងពេលចូលឆ្នាំថ្មីសម័យបច្ចុប្បន្នច្រើនតែយកគ្រឿងស្រវឹងជាត្រីមុខ។
ជាការពិតណាស់ វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ គឺជាអត្តសញ្ញាណរបស់ជាតិសាសន៍នីមួយៗ ។ សម្រាប់ជាតិសាសន៍ខ្មែរ ល្បែង របាំប្រជាប្រិយ បទចម្រៀង និងសម្លៀកបំពាក់ប្រពៃណីសម្រាប់បុណ្យចូលឆ្នាំថ្មី គឺជាសម្បត្តិវប្បធម៌ដ៏មានតម្លៃដែលដូនតាខ្មែរបានបន្សល់ទុកឱ្យកូនចៅជំនាន់ ក្រោយ។ សម្បត្តិវប្បធម៌ទាំងនោះគួរត្រូវបានអភិរក្សឱ្យបានគង់វង្សបើទោះជាមនុស្សចាំបាច់ត្រូវការភាពទំនើបក៏ដោយ ពីព្រោះការអភិរក្សមិនមែនជាសត្រូវនឹងការអភិវឌ្ឍនោះឡើយ តែរបស់ទាំងពីរយ៉ាងនេះត្រូវការគ្នាទៅវិញទៅមកជាចាំបាច់។ សូមកុំភ្លេចថា ទេសចរបរទេសដែលមកទស្សនាប្រទេសកម្ពុជា ច្បាស់ជាប្រាថ្នាចង់ឃើញអត្តសញ្ញាណខ្មែរជាជាងឃើញសមិទ្ធផលសម័យទំនើប។ក្នុងន័យនេះ មិនថាតែល្បែង របាំប្រជាប្រិយ ឬសម្លៀកបំពាក់ទេ តែសូម្បីស្ថាបត្យកម្មសំណង់លំនៅដ្ឋាន ឬអគារសាធារណៈផ្សេងៗក៏គួរត្រូវបានអភិរក្សផងដែរ។ ប៉ុន្តែ គួរឱ្យសោកស្តាយ ខ្មែរសម័យនេះច្រើនតែមើលរំលងតម្លៃវប្បធម៌ ប្រពៃណីជាតិរបស់ខ្លួនក្រោមហេតុផលថាអ្វីដែលបុរាណ គឺជារបស់ហួសសម័យ។ ផ្ទុយទៅវិញ ពួកគេបែរជានាំគ្នាមោទនភាពនឹងរបស់ទំនើបដែលជាការចម្លងតាមវប្បធម៌គេទាំងស្រុងទៅវិញ។ ប្រសិនបើស្ថានការណ៍នេះនៅតែបន្ត សង្គមខ្មែរនឹងឈានទៅរកការបាត់បង់អត្តសញ្ញាណជាមិនខាន។
ដើម្បីទប់ទល់នឹងស្ថានភាពនេះ វិធានការណ៍ចាំបាច់មួយចំនួនគួរត្រូវប្រកាន់យកដោយមិនអាចខ្វះបាន។ ការរៀបចំឱ្យមានល្បែង របាំប្រជាប្រិយតាមរយៈកញ្ចក់ទូរទស្សន៍ ការបណ្តុះគំនិតកូនខ្មែរឱ្យចេះស្រឡាញ់វប្បធម៌ជាតិ និងមានមោទនភាពជាតិ៕
អត្ថបទដកស្រង់ចេញពីគេហទំព័រ៖ https://www.rfi.fr/km/young-generation-is-not-interest-in-trot-popular-khmer-dance