អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា
ក្រោមប្រធានបទ “អត្ថប្រយោជន៍បច្ចេកវិទ្យាកីឡា”
អត្ថបទដោយ : សែម ពេជ្រ
#MJQE #American Intercon School
បច្ចេកវិទ្យាកីឡា គឺជាការដាក់បញ្ចូលបច្ចេកវិទ្យាទំនើបទៅឧបករណ៍ ឬវិធីសាស្រ្តនៃការហ្វឹកហាត់កីឡា និងការប្រកួតកីឡាដើម្បីជួយសម្រួលដល់អ្នកហ្វឹកហាត់កីឡា កីឡាករ កីឡាការិនី គ្រូបង្វឹក អាជ្ញាកណ្តាល គណៈកម្មការ ជាពិសេសអ្នកគ្រប់គ្រងកីឡា។
• សម្រាប់អ្នកហ្វឹកហាត់កីឡា និងកីឡាករ បច្ចេកវិទ្យាកីឡាជាជំនួយដល់សមត្ថភាពក្នុងការហ្វឹកហាត់ និងការប្រកួតទាំងកីឡាករកម្រិតខ្ពស់ និងអាជីព ធ្វើឱ្យសមត្ថភាពមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ធ្វើឱ្យការប្រកួត និងការហ្វឹកហាត់មានស្តង់ដាចំគោលដៅដែលកីឡាករចង់បាន បង្កើនសុវត្ថិភាពហ្វឹកហាត់ និងការប្រកួត និងក្រើនរំលឹកដល់កីឡាករក្នុងកាតហ្វឹកហាត់ឱ្យបានទៀងទាត់។
• គ្រូបង្វឹក គឺជាមូលដ្ឋានមួយសម្រាប់រៀបចំផែនការក្នុងការហ្វឹកហាត់ ជាឧបករណ៍វាស់វែង សមត្ថភាព ងាយតាមដានការហ្វឹកហាត់ និងការរីកចម្រើនរបស់កីឡាករ។ ជាជំនួយដល់ការកាត់សេចក្តីដោយសុក្រិតភាពក្នុងការហ្វឹកហាត់ និងប្រកួត ជួយកំណត់ចំណុចខ្លាំង និងចំណុចខ្សោយរបស់កីឡាករ ដើម្បីធ្វើការពង្រឹងសមត្ថភាពបន្ត។
សម្ភារៈបច្ចេកវិទ្យាកីឡាមានច្រើនប្រភេទ ងាយស្រួលប្រើប្រាស់ និងមានតម្លៃសមរម្យដែលអ្នកហ្វឹកហាត់កីឡា កីឡាករ និងគ្រូបង្វឹកអាចទិញយកមកប្រើប្រាស់ជាលក្ខណៈផ្ទាល់ខ្លួនបានមានដូចជា៖
• នាឡិកាឆ្លាតវៃ៖ អាចចាប់យក និងផ្តល់នូវព័ត៌មានសំខាន់ៗទាក់ទងនឹងសុខភាពទាំងអំឡុងពេលហ្វឹកហាត់ និងការប្រកួត។
• ទូរសព្ទដៃឆ្លាតវៃ៖ អ្នកអភិវឌ្ឍកម្មវិធីទូរសព្ទបានបង្កើតនូវកម្មវិធីដ៏ច្រើន និងសម្បូរបែបសម្រាប់អ្នកប្រើប្រាស់ ដើម្បីជាជំនួយដល់ការហ្វឹកហាត់ និងប្រកួត ជាពិសេសអ្នកប្រើប្រាស់អាចប្រើវាជាការហ្វឹកហាត់ប្រាណផ្ទាល់ខ្លួននៅតាមផ្ទះបាន។
• ការអភវឌ្ឍសម្ភារៈកីឡា៖ អ្នកកែច្នៃសម្ភារៈកីឡាដូចជា ស្បែកជើងកីឡា ស្រោមដៃ សម្លៀកបំពាក់… ដើម្បីជួយបង្កភាពងាយស្រួលដល់អ្នកហ្វឹកហាត់ និងកីឡាករ ដើម្បីធ្វើការហ្វឹកហាត់។
សរុបជារួម បច្ចុប្បន្នវិទ្យាសាស្រ្ត និងបច្ចកវិទ្យាកីឡាធ្វើឱ្យអ្នកហ្វឹកហាត់កីឡា កីឡាករ និងគ្រូបង្វឹកអាចវាស់ស្ទង់សមត្ថភាព និងអាចកំណត់ទិសដៅទៅរកភាពជោគជ័យនៃការហ្វឹកហាត់កីឡា ហើយធ្វើឱ្យកីឡាករមានសមត្ថភាពក្នុងការហ្វឹកហាត់ និងការប្រកួតទាំងកីឡាករកម្រិតខ្ពស់ និងអាជីព ធ្វើឱ្យសមត្ថភាពមានការរីកចម្រើនយ៉ាងឆាប់រហ័ស៕
ដកស្រង់ចេញពី : https://m.facebook.com/moeys.gov.kh/posts/4388739794485934