អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា និងការច្នៃប្រឌិត/វិទ្យាសាស្ត្រ និងរបកគំហើញ
ក្រោមប្រធានបទ “ផលិតកម្មរថយន្តនៅឆ្នាំ២០២៤ ជាមួយបច្ចេកវិទ្យាថ្មកម្រិតខ្ពស់”
អត្ថបទដោយ : លីម រតនៈ
#MJQE #American Intercon School
ក្រុមហ៊ុន Apple Inc កំពុងតែឆ្ពោះទៅមុខជាមួយនឹងបច្ចេកវិទ្យា ដែលអនុញ្ញាតឱ្យឡានអាចបើកបរដោយខ្លួនឯងបាន ហើយកំពុងកំណត់គោលដៅនៅឆ្នាំ២០២៤ ដើម្បីផលិតរថយន្តសម្រាប់ដឹកអ្នកដំណើរដែលអាចនឹងរួមបញ្ចូលបច្ចេកវិទ្យាថ្ម ដែលជារបកគំហើញថ្មីរបស់ក្រុមហ៊ុនផ្ទាល់។
ការខិតខំប្រឹងប្រែងផលិតរថយន្តរបស់ក្រុមហ៊ុនផលិតទូរសព្ទ iPhone ដែលត្រូវបានគេស្គាល់ថា ជា Project Titan បានដំណើរការមិនសូវរលូនចាប់តាំងពីឆ្នាំ២០១៤ នៅពេលដែលចាប់ផ្តើមរចនាយានយន្តដោយខ្លួនឯង។ បន្ទាប់មក ក្រុមហ៊ុន Apple បានបន្ថយការប្រឹងប្រែងរបស់ខ្លួនបន្តិចដោយផ្តោតសំខាន់តែទៅលើកម្មវិធីប្រតិបត្តិការរបស់ខ្លួន និងព្រមទាំងបានកំណត់គោលដៅរបស់ខ្លួនឡើងវិញផងដែរ។
លោក Doug Field ដែលជាជើងចាស់របស់ Apple ហើយធ្លាប់ធ្វើការនៅក្រុមហ៊ុន Tesla Inc បានវិលត្រលប់មកត្រួតពិនិត្យគម្រោងនេះវិញនៅឆ្នាំ២០១៨ និងបានដាក់មនុស្សចំនួន១៩០នាក់នៅក្នុងឆ្នាំ ២០១៩។ តាំងពីពេលនោះមក Apple បានរីកចម្រើនគ្រប់គ្រាន់ ហើយឥឡូវនេះក្រុមហ៊ុនមានគោលបំណងកសាងយានយន្តសម្រាប់បម្រើដល់អ្នកប្រើប្រាស់។ មនុស្សពីរនាក់ដែលធ្លាប់ស្គាល់និងដឹងពីការខិតខំប្រឹងប្រែងនេះបានសុំមិនបញ្ចេញឈ្មោះ ដោយសារតែផែនការរបស់ក្រុមហ៊ុន Apple មិនបានបង្ហាញជាសាធារណៈនោះទេ ដោយបានលើកឡើងថាគោលដៅរបស់ក្រុមហ៊ុន Apple ក្នុងការបង្កើតយានជំនិះផ្ទាល់ខ្លួនសម្រាប់ទីផ្សារនេះគឺផ្ទុយពីគូប្រជែងដូចជា Alphabet Inc’s Waymo ដែលបានបង្កើតរថយន្តតាក់ស៊ីសម្រាប់ដឹកអ្នកដំណើរចំពោះសេវាកម្មបើកបរ ដោយគ្មានមនុស្ស។
យុទ្ធសាស្ត្រទីបីរបស់ Apple គឺការរចនាថ្មប្រភេទថ្មីដែលអាចជួយកាត់បន្ថយថ្លៃដើម នៃអាគុយ និងបង្កើនលំដាប់ថ្នាក់នៃយានយន្ត។ នេះបើយោងតាមអ្នកទីបី ដែលបានឃើញការរចនាថ្មប្រភេទថ្មីរបស់ Apple។ ក្រុមហ៊ុន Apple បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីផែនការ ឬផលិតផលនាពេលអនាគតរបស់ខ្លួននោះទេ។ ការបង្កើតយានយន្ត គឺជាខ្សែសង្វាក់ផ្គត់ផ្គង់មួយយ៉ាងលំបាក សូម្បីតែសម្រាប់ក្រុមហ៊ុន Apple ដែលជាក្រុមហ៊ុនដែលមានហោប៉ៅជ្រៅ ហើយមានផលិតផលអេឡិចត្រូនិករាប់រយលានជារៀងរាល់ឆ្នាំជាមួយនឹងគ្រឿងបន្លាស់មកពីជុំវិញពិភពលោក ប៉ុន្តែក៏មិនដែលផលិតរថយន្តនោះទេ។
លោក Elon Musk ដែលជាម្ចាស់នៃក្រុមហ៊ុន Tesla បានចំណាយអស់រយៈពេល១៧ឆ្នាំមុនពេលដែលវាអាចរកប្រាក់ចំណេញបានជាយូរអង្វែង។ ប្រសិនបើមានក្រុមហ៊ុនមួយនៅលើផែនដី ដែលមានធនធាន ដើម្បីធ្វើឱ្យវាលេចរូបរាងឡើងប្រហែលជាមិនមានក្រុមហ៊ុនណាក្រៅតែពី Apple នោះទេ។ ប៉ុន្តែ នៅពេលជាមួយគ្នានេះវាមិនមែនជាទូរសព្ទដៃទេ នេះជាកាបញ្ជាក់ពីមនុស្សម្នាក់ដែលធ្វើការនៅក្នុងគម្រោង Titan។ គេនៅមិនទាន់ច្បាស់ទេថា អ្នកណានឹងសក្តិសមសម្រាប់រថយន្តដែលមានយីហោ Apple នេះនោះទេ ប៉ុន្តែប្រភពបានបន្តនិយាយថាពួកគេរំពឹងថា ក្រុមហ៊ុននឹងពឹងផ្អែកទៅលើដៃគូរោងចក្រផលិតដើម្បីអាចផលិតរថយន្តនេះបាន។ មានការព្រមានថា ការពន្យារពេលទាក់ទងនឹងរោគរាតត្បាតអាចធ្វើឱ្យការចាប់ផ្តើមផលិតកម្មមានកាអូសបន្លាយដល់ឆ្នាំ២០២៥ ឬលើសពីនេះ។
ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានបញ្ចប់ទាបជាង៦.៥ភាគរយកាលពីប៉ុន្មានថ្ងៃមុន បន្ទាប់ពីការបង្ហាញខ្លួនលើកដំបូងរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ S&P 500។ រីឯភាគហ៊ុនក្រុមហ៊ុន Apple បានបញ្ចប់១,២៤ភាគរយ ឬខ្ពស់ជាងនេះបន្ទាប់ពីព័ត៌មាននេះត្រូវបានចុះផ្សាយ។ មនុស្សម្នាក់ទៀតបាននិយាយថា រថយន្តរបស់ក្រុមហ៊ុន Apple អាចបំពាក់នូវឧបករណ៍ចាប់សញ្ញា lidar sensors ជាច្រើនសម្រាប់ស្កេនពីចម្ងាយខុសៗគ្នា។ គាត់បាននិយាយបន្ថែមថា ឧបករណ៍ចាប់សញ្ញា lidar sensors មួយចំនួនអាចបានមកពីប្រភពអភិវឌ្ឍរបស់ Apple។ ម៉ូឌែល iPhone 12 Pro និង iPad Pro របស់ Apple បានចេញលក់នៅឆ្នាំនេះ ហើយឧបករណ៍ទាំងពីសុទ្ធតែមាន lidar sensors។ ទីភ្នាក់ងារព័ត៌មានរ៉យទ័រធ្លាប់បានរាយការណ៍ថា ក្រុមហ៊ុន Apple បានជួបពិភាក្សាជាមួយអ្នកផ្គត់ផ្គង់ ដែលមានសក្តានុពល ប៉ុន្តែវាក៏កំពុងពិនិត្យមើលការបង្កើតឧបករណ៍ចាប់សញ្ញា lidar sensors ផ្ទាល់ខ្លួនផងដែរ។
ដកស្រង់ចេញពី៖ https://thekhmertech.com