អត្ថបទព័ត៌មានស្តីពីដំណើរកម្សាន្ត
ក្រោមប្រធានបទ “ដំណើរកម្សាន្តទៅលេងកោះរុង”
អត្ថបទដោយ : លួន ស្រីទូច
#MJQE#AmericanInterconSchool
កាន់តែជិតដល់បុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដែលប្រជាជនទូទៅនឹងសម្រាកពីការងារ ប្រកបមុខរបបផ្សេងៗ ដើម្បីធ្វើដំណើរកម្សាន្តជាមួយក្រុមគ្រួសារឱ្យមានភាពសិទ្ធស្នាលនឹងគ្នា ហើយក៏ជាពេលវេលាល្អដើម្បីសម្រាកលំហែកាយកាត់បន្ថយភាពនឿយហត់ និងស្រ្តេស។ ដូចនេះយើងអាចជ្រើសរើសដំណើរកម្សាន្តទៅកាន់កោះរុង ដែលជាតំបន់ទេសចរណ៍ដ៍ស្រស់ស្អាតមួយក្នុងខេត្តព្រះសីហនុ។ កោះរូង ឬកោះរុង មានប្រវត្តិជាយូរណាស់មកហើយ ដែលសព្វថ្ងៃប្រជាពលរដ្ឋរស់នៅលើកោះនេះហៅតៗគ្នាថា កោះរុង។
ភូមិសាស្ត្រកោះរុងមានផ្ទៃក្រឡា ៧៨គីឡូម៉ែត្រការ៉េ ហើយមានឆ្នេរខ្សាច់សក្បុស ខណៈទឹកសមុទ្រខៀវថ្លាប្រវែង១០គីឡូម៉ែត្រ។ កោះរុងស្ថិតនៅចំងាយ ២៥គីឡូម៉ែត្រ ពីឆ្នេរក្រុងព្រះសីហនុ នៅក្នុងឈូង សមុទ្រថៃ។ កោះដ៏ស្រស់បំព្រងនេះសម្បូរដោយកូនភ្នំតូចៗដែលមានកំពស់រហូតដល់ ១៣០ម៉ែត្រ ពីកម្ពស់ទឹកសមុទ្រ ហើយមានធម្មជាតិព្រៃព្រឹក្សាពណ៌បៃតងស្រងាត់បំព្រង រួមនឹងខ្យល់សមុទ្របរិសុទ្ធ គួរឱ្យចង់ទៅលំហែកម្សាន្ត ឬរស់នៅ។
និយាយរួម សម្រស់ដ៏ស្រស់ញញឹមធម្មជាតិរបស់កោះរុង ធ្វើឱ្យទីដ្ឋាននេះក្លាយជាឋានសួគ៌លើដីដ៏សប្បាយរីករាយសម្រាប់អារម្មណ៍ និងផ្លូវចិត្ត ការលំហែរកាយ និងជាតំបន់ទេសចរណ៍ដ៏ស្រស់ស្អាតប្រណិតគួរឱ្យបេតី។ ដើម្បីធ្វើដំណើរទៅកោះរុង លោកអ្នកត្រូវឆ្លងតាមកាណូត ដែលមានសេវាចម្លងពីឆ្នេរក្រុងព្រះសីហនុ។ សេវាទូកចម្លងទំាងនោះមានតារាងពេលវេលាកំណត់ ហើយមានតម្លៃសំបុត្រ ២០ដុល្លា សម្រាប់ទៅមក (two ways) ។ ចំណែកទូកដឹកអ្នកដំណើរមាន២ប្រភេទ គឺទូកល្បឿនលឿន ដែលប្រើរយៈពេលតែ ៤៥នាទី និងទូកម្យ៉ាងទៀតត្រូវប្រើពេលប្រហែល២ម៉ោង។
ពេលទៅដល់កោះភ្លាម លោកអ្នកគួរប្រញាប់ប្រញាល់យកសំបុត្រសេវាទូកចម្លងទៅបោះត្រាកក់ពេលវេលាសម្រាប់មកវិញឱ្យបាន៣ម៉ោង មុនម៉ោងចេញដំណើរមកវិញ។ បើមិនដូច្នោះទេ លោកអ្នកនឹងខកខានដំណើរ។ ចំណែកផ្ទះសំណាក់មានសម្បូរគួរសមដែរ តែបើល្អគួរតែលៃលកកក់មុន ដើម្បីជៀសវាងការរំខានចិត្តក្នុងពេលធ្វើដំណើរកម្សាន្ត។ ផ្ទះសំណាក់មានតម្លៃពី ១៥ទៅ ៥០ដុល្លា ក្នុង១យប់សម្រាប់ ២នាក់។
ចំពោះម្ហូបអាហារវិញ គឺសម្បូរបែបគូរសម ហើយតម្លៃសមរម្យ គឺមិនថ្លៃ និងមិនថោក អាចទទួលយកបានដូចនៅលើដីគោកដែរ។ ដោយបរិស្ថានបរិសុទ្ធ ខ្យល់សមុទ្រត្រជាក់ វាលខ្សាច់សដូចសំឡី និងទឹកសមុទ្រខៀវថ្លា បានទាក់ទាញទេសចរណ៍រយពាន់នាក់ជារៀងរាល់ថ្ងៃ ពិសេសទេសចរណ៍បរទេសភាគច្រើនបានទៅហាលថ្ងៃស្រូបយកពន្លឺព្រះអាទិត្យលើឆ្នេរកោះឋានសួគ៌ និងងូតទឹកបរិសុទ្ធដ៏ខៀវថ្លានេះ។
អត្ថបទដកស្រង់ចេញពីគេហទំព័រ៖ http://thephnompenhtimes.com/article/2188