អត្ថបទព័ត៌មានស្តីពីការកម្សាន្ត
ក្រោមប្រធានបទ “គន្លឹះទាំង៥ដែលជួយឱ្យគ្រួសារមានសុខភាពល្អ និងសុភមង្គល”
អត្ថបទដោយ : អ៊ាក គារី
#MJQE #American Intercon School
ជីវិតរស់នៅក្នុងទីក្រុងដែលមានភាពមមាញឹកខ្លាំង ធ្វើការងារចាប់ពីម៉ោង៩ព្រឹក ដល់៥ល្ងាច ពេលខ្លះមានកិច្ចប្រជុំភ្លាមៗ ឬត្រូវបំពេញទស្សនកិច្ចការងារក្នុងរយៈពេលវែង សុទ្ធតែជាបញ្ហាប្រឈម ដែលកាត់បន្ថយពេលវេលាជួបជុំគ្រួសាររបស់លោកអ្នក។ ការធ្វើឱ្យមនុស្សជាទីស្រឡាញ់របស់លោកអ្នកមានសុខភាពល្អ និងសុភមង្គល ប្រៀបបានទៅនឹងកីឡារត់ម៉ារ៉ាតុងនៅក្នុងជីវិតរបស់យើងដូច្នោះដែរ ហើយដើម្បីជួយលោកអ្នកសម្រេចគោលដៅនេះយើងសូមពាំនាំមកនូវគន្លឹះចំនួន៥ យ៉ាងដែលអាចធានាបានថាគ្រួសាររបស់លោកអ្នកតែងតែអាចជួបជុំគ្នាជានិច្ច។
១. ដំណើរកម្សាន្ត និងវិស្សមកាល
មានការលើកឡើងថា គូស្វាមីភរិយាវ័យក្មេងភាគច្រើនមានការលំបាកក្នុងការបែងចែកពេលវេលាធ្វើការងារ និងពេលវេលាជួបជុំគ្រួសារ។ ពេលខ្លះ យើងពិតជាមានការលំបាកខ្លាំងក្នុងការលៃលកពេលវេលាដ៏មានតម្លៃរបស់យើង ដើម្បីឈប់សម្រាកពីការងារដើម្បីធ្វើដំណើរកម្សាន្ត និងសម្រាកវិស្សមកាលជុំគ្រួសារនោះ ប៉ុន្តែក៏មានកន្លែងជាច្រើនដែលលោកអ្នកអាចទៅកម្សាន្តលេង និងទទួលយកបទពិសោធន៍នៅចុងសប្ដាហ៍ផងដែរ។ ដូច្នេះ លោកអ្នកមិនចាំបាច់ត្រូវតែធ្វើដំណើរទៅកម្សាន្តនៅទីកន្លែងឆ្ងាយៗ ឬចំណាយប្រាក់ច្រើនទៅលើដំណើរកម្សាន្តរយៈពេលខ្លីនោះទេ។
គ្រាន់តែការធ្វើដំណើរកម្សាន្តធម្មតាក៏ផ្ដល់បទពិសោធន៍ដ៏ល្អអស្ចារ្យសម្រាប់អ្នកគ្រប់គ្នាទៅហើយ ចុះទម្រាំតែការចេញឆ្ងាយពីទីក្រុងដ៏មមាញឹក ដើម្បីទៅធ្វើដំណើរកម្សាន្តបន្ទូរអារម្មណ៍ និងស្រូបយកខ្យល់បរិសុទ្ធដ៏បំព្រងទៀតនោះ ប្រាកដជាក្លាយជាពេលវេលាដ៏សប្បាយរីករាយមិនអាចបំភ្លេចសម្រាប់ក្រុមគ្រួសាររបស់លោកជាក់ជាមិនខាន។
២. សកម្មភាពខាងក្រៅជាលក្ខណៈគ្រួសារ
ការនិយាយអំពីការធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារ និងស្រូបយកខ្យល់អាកាសបរិសុទ្ធការធ្វើសកម្មភាពនៅខាងក្រៅជាមួយនឹងគ្រួសារ គឺជាឱកាសមួយដ៏អស្ចារ្យដែលធ្វើឱ្យគ្រួសារមួយកាន់តែទទួលបានសុខភាពល្អ និងមានសុភមង្គល។
មិនថាសកម្មភាពកម្សាន្តនោះជាការកម្សាន្តនៅតាមសួនច្បារ កាជិះរទេះនៅតាមជនបទ ឬការធ្វើដំណើរឡើងភ្នំកាត់តាមព្រៃនោះទេ ការធ្វើដំណើរកម្សាន្តទៅខាងក្រៅ នឹងជួយឱ្យលោកអ្នកដកឃ្លាពីការសិក្សា ការធ្វើការងារចរាចរណ៍ដ៏ចង្អៀត។ ជាមួយនឹងការឡើងភ្នំ ការជិះរទេះ ឬការដើរ ជាមួយគ្រួសារ ក៏អាចជួយដុតបំផ្លាញកាឡូរីចេញពីក្នុងខ្លួនយើងផងដែរ។
៣. ចំណង់ចំណូលចិត្តគ្រួសារ
ប្រសិនបើលោកអ្នកមិនមានពេលវេលាធ្វើដំណើរកម្សាន្តទៅខាងក្រៅញឹកញាប់ទេនោះ ជម្រើសល្អផ្សេងទៀត គឺលោកអ្នកអាចចំណាយពេលវេលាទៅលើសកម្មភាពដែលគ្រួសារទាំងមូលអាចជួបជុំគ្នា ទោះបីជាមិនមែនជាសកម្មភាពហាត់ប្រាណក៏ដោយ។ សកម្មភាពទាំងនោះអាចជា ការលេងហ្គេម ហ្គេមលើក្ដារ មើលខ្សែភាពយន្ត ឬមើលកម្មវិធីទូរទស្សន៍ ជាដើម។
យើងឃើញមានការផ្សព្វផ្សាយពាណិជ្ជកម្មជាច្រើនអំពីរបៀបដែល Nintendo Wii និង Xbox Kinect អាចផ្ដល់ភាពសប្បាយរីករាយដល់គ្រួសារទាំងមូល។ ប្រសិនបើលោកអ្នកគឺជាអ្នកចូលចិត្តលេងហ្គេមបែបបុរាណ លោកអ្នកអាចលេខហ្គេម Monopoly ឬ Twister គ្រប់កម្រិតទាំងអស់ក៏បាន។
នាពេលបច្ចុប្បន្ននេះ ជាមួយនឹងសេវាដូចជា Netflix និង Iflix គ្រួសារទាំងមូល អាចចំណាយពេលទស្សនាខ្សែភាពយន្តល្បីៗជាមួយគ្រួសារ។
៤. ចំណាយលើការអប់រំរបស់កូនៗ
ការវិនិយោគលើការអប់រំប្រកបដោយគុណភាពសម្រាប់កុមារ គឺជាការត្រួសត្រាយផ្លូវសម្រាប់ឱ្យពួកគេទទួលបានជីវិតរស់នៅប្រកដោយគុណភាពសម្រាប់ថ្ងៃអនាគត។ នៅពេលកូនរបស់លោកអ្នករៀននៅថ្នាក់បឋមសិក្សា លោកអ្នកអាចរំឭកឱ្យពួកគេខំប្រឹងរៀនឱ្យពូកែ លោកអ្នកនឹងទិញនំឱ្យពួកគេញ៉ាំ។ ក្នុងពេលជាមួយគ្នានេះដែរ ឪពុកម្ដាយគ្រប់រូប ត្រូវចំណាយលើការសិក្សាបន្ថែមសម្រាប់កូនៗរបស់ពួកគេ មិនថាក្នុងទម្រង់ជាការបង់ថ្លៃសិក្សាបន្ថែម ឬសៀវភៅយោង។ គោលបំណងចំពោះការចំណាយនេះ គឺដើម្បីផ្ដល់ជូនកុមារនូវមាគ៌ាក្នុងការទទួលបានការអប់រំប្រកបដោយគុណភាព។ កុមារពូកែ មានឱកាសខ្ពស់ក្នុងទទួលបានអាហារូបករណ៍ទៅសិក្សានៅក្នុងគ្រឹះស្ថានអប់រំល្បីៗមានគុណភាពខ្ពស់ ដោយជួយកាត់បន្ថយបន្ទុកហិរញ្ញវត្ថុរបស់ឪពុកម្ដាយរបស់ពួកគេផងដែរ។ ប៉ុន្តែ មិនមែនមានន័យថា ឪពុកម្ដាយគ្រប់រូបមិនចាំបាច់សន្សំប្រាក់ទុកសម្រាប់បង់ថ្លៃសិក្សានៅថ្នាក់សាកលវិទ្យាល័យរបស់កូនៗរបស់ពួកគាត់នោះទេដោយសារតែអាហារូបករណ៍មិនមែនអាចទទួលបានគ្រប់ៗគ្នានោះទេ។
៥. ធានារ៉ាប់រងសុខភាពសម្រាប់គ្រួសារទាំងមូល
ការធានារ៉ាប់រងមិនត្រូវការការគិតគូរច្រើនពេកនោះទេ។ ការធានារ៉ាប់រងសុខភាពសម្រាប់សមាជិកគ្រួសារទាំងមូល គឺជាចំណុចដំបូងគេបង្អស់ដែលគូស្វាមីភរិយា គួរយកមកពិភាក្សាគ្នា មុនពេលដែលចាប់ផ្ដើមពិភាក្សាអំពីការបង្កើតគ្រួសារ។ ពេលខ្លះ គ្រាន់តែគ្រោះថ្នាក់ ឬជំងឺតែមួយមុខអាចធ្វើឱ្យសេដ្ឋកិច្ចគ្រួសាររបស់លោកអ្នកមានបញ្ហាធ្ងន់ធ្ងរបាន។ នៅពេលលោកអ្នកបានទិញបណ្ណសន្យារ៉ាប់រងសម្រាប់គ្រួសាររបស់ខ្លួន លោកអ្នកអាចបន្តដំណើរជីវិតទៅមុខ និងអាចរស់នៅដោយក្ដីរីករាយជាមួយនឹងគ្រួសារដោយពុំមានកង្វល់ផ្លូវចិត្តអ្វីឡើយ។
ដកស្រង់ចេញពី : https://www.manulife.com.kh/km/insights/5-tips-to-have-a-healthy-and-happy-family.html