អត្ថបទព័ត៌មានស្តីពីការងារ និងអាជីវកម្ម
ក្រោមប្រធានបទ “ការផ្តល់សេវាកម្មធានា និងសេវាកម្មប្រឹក្សារបស់សវនករផ្ទៃក្នុង”
អត្ថបទដោយ : សេង យូសាន
#MJQE #American Intercon School
ដោយយោងតាមនិយមន័យសវនកម្មផ្ទៃក្នុង មានន័យថាជាសកម្មភាពឯករាជ្យ មានគោលបំណងច្បាស់លាស់ និងមានការប្រឹក្សាយោបល់។ ចំណែកសវនករផ្ទៃក្នុង ជាបុគ្គលិករបស់ក្រុមហ៊ុន មានតួនាទីធ្វើសវនកម្ម និងធ្វើរបាយការណ៍ទៅគណៈកម្មាធិការសវនកម្ម ឬក្រុមប្រឹក្សាភិបាល។ នៅក្នុងសកម្មភាពធ្វើសវនកម្មរបស់ខ្លួន សវនករផ្ទៃក្នុងបានប្រើប្រាស់សេវាជាច្រើន តែដោយទ្បែកនៅក្នុងអត្ថបទនេះលើកយកសេវាសំខាន់ពីរគឺ សេវាកម្មធានា (Assurance Services) និងសេវាកម្មប្រឹក្សា (Consulting Services)។
សេវាកម្មធានា ជាការត្រួតពិនិត្យលើភស្តុតាងសវនកម្មដោយប្រើវិធីសាស្ត្រច្បាស់លាស់ មានលក្ខណៈជាប្រព័ន្ធក្នុងការវាយតម្លៃលើភាពគ្រប់គ្រាន់ និងប្រសិទ្ធភាពនៃការគ្រប់គ្រងហានិភ័យ ដំណើរការត្រួតពិនិត្យ ដំណើរការគ្រប់គ្រង និងគុណភាពការអនុវត្តការងារក្រោមទំនួលខុសត្រូវដែលបានកំណត់ ដើម្បីផ្តល់លទ្ធផលវាយតម្លៃឯករាជ្យមួយ។ វិសាលភាព និងលក្ខណៈនៃសេវាកម្មធានា ត្រូវធ្វើទ្បើងដោយការត្រួតពិនិត្យ និងការវាយតម្លៃទៅលើប្រសិទ្ធភាព និងប្រសិទ្ធផលប្រតិបត្តិការ ភាពជឿជាក់នៃប្រព័ន្ធហិរញ្ញវត្ថុនិងប្រតិបត្តិការ ភាពគ្រប់គ្រាន់ និងភាពច្បាស់លាស់នៃគោលនយោបាយនិងនីតិវិធី ការអនុលោមតាមគោលនយោបាយរបស់ក្រុមហ៊ុននិងច្បាប់ និងការការពារទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ដើម្បីសម្រេចគោលបំណង និងគោលដៅដែលបានកំណត់ទុក។
សេវាកម្មប្រឹក្សា ជាការពិគ្រោះយោបល់លើសកម្មភាពសេវាកម្មរបស់ផ្នែកដែលត្រូវបានធ្វើសវនកម្ម នៅក្នុងវិសាលភាពបានកំណត់ និងបានព្រមព្រៀង ដើម្បីបន្ថែមតម្លៃ និងកែលម្អលើការគ្រប់គ្រងហានិភ័យ ដំណើរការត្រួតពិនិត្យ និងដំណើរការគ្រប់គ្រងក្រុមហ៊ុន។
ការផ្តល់សេវាកម្មប្រឹក្សាដោយសវនករផ្ទៃក្នុង មិនមែនគំនិតថ្មីទាំងស្រុងនោះទេ។ សវនករផ្ទៃក្នុងតែងតែបានផ្តល់ដំបូន្មានតាមទម្រង់អនុសាសន៍សវនកម្ម (Audit Recommendation) ដើម្បីឆ្លើយតបទៅលើចំណុចខ្វះខាតដែលបានរកឃើញតាមរយៈការត្រួតពិនិត្យ និងការវាយតម្លៃ។ តួនាទីរបស់សវនករផ្ទៃក្នុង មាននៅក្នុងសេវាកម្មប្រឹក្សារួមមាន៖
o ជាអ្នកសម្របសម្រួលដោយជួយជំរុញ និងបំផុសគំនិតពីហានិភ័យ នីតិវិធីត្រួតពិនិត្យ និងជាកត្តា
លីករជំរុញឱ្យមានការផ្លាស់ប្តូរ។
o ជាអ្នកអប់រំ ដោយផ្តល់ការគាំទ្រដល់ថ្នាក់គ្រប់គ្រងដែលមានជំនាញ និងបច្ចេកទេសយល់ដឹងពី
ហានិភ័យ និងនីតិវិធីត្រួតពិនិត្យមានកម្រិត ដើម្បីឱ្យមានចំណេះដឹងគ្រប់គ្រាន់ និងអនុវត្តតួនាទីមានប្រសិទ្ធភាព។
o ជាទីប្រឹក្សា ដោយផ្តល់ដំបូន្មានលើបញ្ហា ហានិភ័យ (Risk) និងការត្រួតពិនិត្យ (Control) គ្រប់កម្រិតនៅក្នុងក្រុមហ៊ុនចាប់ផ្តើមពីផ្នែកយុទ្ធសាស្ត្រ រហូតដល់ផ្នែកប្រតិបត្តិការ។ ការផ្តល់ដំបូន្មាននេះមិនមានន័យថា ជាការបំពេញភារកិច្ចជំនួសឱ្យថ្នាក់គ្រប់គ្រង និងកាត់បន្ថយទំនួលខុសត្រូវរបស់ថ្នាក់គ្រប់គ្រងទ្បើយ។ ដើម្បីស្នើសុំបំពេញសេវានេះបាន លុះត្រាតែមានសំណើពីថ្នាក់គ្រប់គ្រង ឬក្រុមប្រឹក្សាភិបាល ឬដោយមានការផ្លាស់ប្តូរគម្រោង និងកម្មវិធី ដែលត្រូវការចាំបាច់នូវការបន្ថែមតម្លៃ និងកែលម្អប្រតិបត្តិការក្រុមហ៊ុន។ សវនករផ្ទៃក្នុងត្រូវតែបដិសេធក្នុងការចូលរួមការប្រឹក្សា ដែលត្រូវបានហាមឃាត់ដោយច្បាប់សវនកម្មផ្ទៃក្នុង ខុសពីគោលការណ៍ និងនីតិវិធីធ្វើសវនកម្ម មិនបន្ថែមតម្លៃ និងមិនមានផលប្រយោជន៍សម្រាប់ក្រុមហ៊ុន។ សេវាកម្មប្រឹក្សាមិនគួរមានបំណងផ្តល់យោបល់លើប្រធានបទ ឬផ្នែកដែលសវនករផ្ទៃក្នុងមិនមានការបណ្តុះបណ្តាល និងបទពិសោធន៍សមស្របទ្បើយ។
សវនករផ្ទៃក្នុង ផ្តល់ការប្រឹក្សានៅក្នុងសកម្មភាពជាទម្លាប់ និងនៅពេលមានការស្នើសុំពីថ្នាក់គ្រប់គ្រង ឬក្រុមប្រឹក្សាភិបាល។ សេវាកម្មប្រឹក្សាត្រូវបានចែកចេញជាបួនប្រភេទ៖
o ការប្រឹក្សាជាផ្លូវការ ដោយត្រូវមានផែនការ និងមានកិច្ចព្រមព្រៀងច្បាស់លាស់។
o ការប្រឹក្សាក្រៅផ្លូវការ ជាសកម្មភាពទម្លាប់ដូចជា ចូលរួមជាមួយគណៈកម្មាធិការអចិន្ត្រៃ និងការប្រជុំផ្សេងៗ។
o ការប្រឹក្សាពិសេសនៅពេលមានការបញ្ចូលប្រព័ន្ធចូលគ្នា។
o ការប្រឹក្សាបន្ទាន់ នៅពេលមានគ្រោះមហន្តរាយ ឬនៅពេលមានព្រឹត្តការណ៍ប៉ះពាល់ដល់អាជីវកម្មក្រុមហ៊ុនធ្ងន់ធ្ងរ។
នៅពេលផ្តល់សេវាកម្មប្រឹក្សា ថ្នាក់គ្រប់គ្រង និងសវនករផ្ទៃក្នុងត្រូវមានការសហការ និងគាំទ្រគ្នាឱ្យបានល្អ ព្រមទាំងមានការយល់ព្រមជាមួយគ្នាលើវិសាលភាពការងារ គោលបំណង ពេលវេលា និងការរៀបចំរបាយការណ៍។ ដំណើរការនៃការប្រឹក្សាត្រូវតែ៖
o មានផែនការលម្អិតដោយកំណត់ពីវិសាលភាពការងារដែលត្រូវត្រួតពិនិត្យ។
o មានកំណត់ពីគោលបំណង និងលទ្ធផលនៅក្នុងរយៈពេលមួយជាក់លាក់។
o កំណត់ពីតួនាទីរបស់សវនករផ្ទៃក្នុង និងមិនមានសិទ្ធចុះហត្ថលេខាលើការសម្រេចចិត្តទ្បើយ។
o កំណត់ពីទម្រង់របាយការណ៍។
o កំណត់ពីពេលវេលាចាប់ផ្តើម និងបញ្ចប់។
ជារួមមក សេវាកម្មប្រឹក្សា និងសេវាកម្មធានាដែលផ្តល់ដោយសវនករផ្ទៃក្នុងបានផ្តល់នូវទំនុកចិត្ត ការអនុវត្តការងារមានប្រសិទ្ធភាព និងបង្កើនចំណេះដឹងដល់ថ្នាក់គ្រប់គ្រងទាក់ទងទៅនឹងដំណើរការគ្រប់គ្រងហានិភ័យ ដំណើរការត្រួតពិនិត្យ និងដំណើរការគ្រប់គ្រងនៅក្នុងក្រុមហ៊ុន។