អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណី
ក្រោមប្រធានបទ “ល្បែងប្រជាប្រិយខ្មែរដែលប្រជាជនមិនសូវចាប់អារម្មណ៍ និងកំពុងឈានទៅរកការបាត់បង់”
អត្ថបទដកស្រង់ដោយ : ជុំ ស៊ីធាន់
#MJQE#AmericanInterconSchool
ល្បែងប្រជាប្រិយខ្មែរ គឺជាល្បែងដែលប្រជាជនកម្ពុជានិយមលេងនៅពេលមានពិធីបុណ្យទានម្តងៗជាពិសេសនៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ។ ល្បែងប្រជាប្រិយខ្មែរបានចងក្រងដោយក្រុមជំនុំទំនៀមទម្លាប់ខ្មែរមានប្រមាណ២២គឺ៖ ល្បែងស្តេចចង់ ឬល្បែងអៀវ ល្បែងឈូង ល្បែងចាប់កូនខ្លែង ល្បែងលោតអន្ទាក់ ល្បែងលាក់កន្សែង ល្បែងឱបត្រឡាច ឬបេះឪឡឹក ល្បែងប្រជល់មាន់ ល្បែងគ្របមាន់ ល្បែងបិទពួន ល្បែងអង្គញ់ ល្បែងគោះពញ្លក់ ឬទះពញ្លក់ ល្បែងគោះត្រឡោក ល្បែងសី ល្បែងទាញព្រ័ត្រ ល្បែងកូនគោល ល្បែងរាវបង្កង ល្បែងចោះប្រមាត់ ល្បែងបាយខុំ ល្បែងលាក់កូនកាស ល្បែងលាក់ធ្យូង ល្បែងប៉ក់ចាប និងល្បែងចត្រង្គ។
យ៉ាងណាមិញ បច្ចុប្បន្នល្បែងប្រជាប្រិយខ្មែរមួយចំនួនស្ទើរតែមិនសូវបានគេស្គាល់ មិនសូវឃើញមានគេលេងផង ក៌ដូចជាពុំសូវពេញនិយមក្នុងស្រទាប់មហាជន យុវវ័យ ល្បែងទាំងនេះកំពុងតែឈានទៅរកការបាត់បង់ទាំងស្រុងនាពេលអនាគត។ ចំពោះល្បែងប្រជាប្រិយខ្មែរដែលឈានទៅរកការបាត់បង់មានដូចខាងក្រោម៖
១. ល្បែងចោះប្រមាត់ :
ល្បែងចោះប្រមាត់ ជាល្បែងមួយប្រភេទដែលគេលេងក្នុងកន្លែងមានទឹក ដែលមានជម្រៅត្រឹមក ឬលិចក្បាលក្នុងបរិវេណអាចចែវទូកបាន។ អ្នកលេងចែកជាពីរក្រុមដែលមានសមាជិកចាប់ពី៤នាក់ ទៅ១០នាក់។ ល្បែងប្រភេទនេះ គេត្រូវបែងចែកដោយទូកក្រុមបុរសសុទ្ធ ដែលចាប់ដេញទូកក្រុមនារីសុទ្ធ ដែលចាំតែរត់។ នៅពេលដែលទូកបុរសអុំជិតដល់ទូកនារី ទូកបុរសត្រូវស្រែកថា “ចោះប្រមាត់?” ចំណែកឯខាងស្រីអាចឆ្លើយថា “ទេ” ឬក៏ពាក្យថា “ចោះក៏ចោះ”។ ទោះបីជាចម្លើយខាងស្រីឆ្លើយយ៉ាងណាក៏ដោយ ទូកខាងបុរសត្រូវអុំប្រដេញដោយបន្លឺពាក្យថា “ដេញៗៗ”។ នៅពេលដែលទូកនារីត្រូវទូកបុរសដេញទាន់ ខាងបុរសត្រូវហក់ទៅពន្លិចទូកនារីឱ្យលិចហែលព្រោងព្រាត (អ្នកលេងត្រូវចេះហែល ទឹក)។ ល្បែងចោះប្រម៉ាត់មានដើមកំណើតមកពីភូមិកំពង់ភ្លុក ស្រុកសូទ្រនិគម និងភូមិកំពង់ឃ្លាំង ស្រុកជីក្រែង ខេត្តសៀមរាប។ ល្បែងនេះគេលេងនៅថ្ងៃ១រោច ខែភទ្របទ រហូតដល់ថ្ងៃទី១៥កើត ខែកត្តិក។
២. ល្បែងលាក់កូនកាស :
ល្បែងលាក់កូនកាស ចេញពីល្បែងចោះប្រមាត់។ ល្បែងប្រជាប្រិយខ្មែរប្រភេទនេះ ក៏លេងនៅក្នុងទឹកដូចគ្នា ដែលល្បែងនេះសម្រាប់ក្មេងជំទង់ៗលេងកម្សាន្តផង និងសម្រាប់ហ្វឹកហាត់ភ្នែកឱ្យមើលរហ័សផងដែរ។ ល្បែងនេះសោត គេលេងនៅក្នុងទឹកជម្រៅត្រឹមចង្កេះ ឬត្រឹមទ្រូង។ អ្នកលេងត្រូវឈរជារង្វង់ ហើយយកកំណាត់ឈើ ឬស្នោ ឬវត្ថុអ្វីស្រាលតូចល្មមដែលអាចអណ្តែតលើទឹកបាន ហើយរបស់នោះត្រូវបានគេហៅថា “កូនកាស”។ ការចាប់ផ្តើមលេងនៃល្បែងនេះ គឺអ្នកលេងទាំងអស់ត្រូវយកដៃវ៉ៃទឹក ឬយកដៃពន្លិចកូនកាសនោះឱ្យរសាត់ទៅឆ្ងាយពីអ្នកលេងដទៃ។ បន្ទាប់ពីធ្វើឱ្យវារសាត់បាត់ហើយ អ្នកលេងទាំងអស់ត្រូវស្វែងរកកូនកាសនោះត្រឡប់មកវិញ។ អ្នកដែលរកឃើញកូនកាសនោះមុនគេ ត្រូវស្រែកថា “ញៀប” ហើយអាចរត់ដេញមួលស្លឹកត្រចៀកអ្នកដែលរកមិនឃើញ។ ករណីនេះ អ្នកចាញ់អាចមុជចូលទៅក្នុងទឹក ដែលការធ្វើបែបនេះមានន័យថារួចខ្លួនពីការមួលត្រចៀក (អ្នកលេងត្រូវចេះ ហែលទឹក)។
៣. ល្បែងគោះពព្លាក់ :
ល្បែងគោះពព្លាក់ ជាល្បែងប្រជាប្រិយខ្មែរដែលគេនិយមលេងនៅក្នុងពិធីបុណ្យទាន មង្គលការ និងចូលឆ្នាំថ្មី។ ល្បែងគោះពព្លាក់មានអ្នកលេងតែម្នាក់ម្ខាងប៉ុណ្ណោះ។ ដំបូងអ្នកលេងត្រូវលើកដៃសំពះ (ដូចជាសំពះគ្រូ ឬព្រះ)។ បន្ទាប់មកត្រូវបើកមាត់ចំហ លាដៃឆ្វេងគោះថ្ពាល់ស្តាំ ចំណែកឯដៃស្តាំគោះថ្ពាល់ឆ្វេង ដោយមានញាក់ចិញ្ចើម និងបន្លឺសំឡេងក្តក់៣ដង ក្បាលងាកចុះ ងាកឡើងតាមចង្វាក់។ ការធ្វើបែបនេះបានបង្កើតចេញជាចង្វាក់ភ្លេងមួយយ៉ាងពីរោះ។ បន្ទាប់ពីបញ្ចប់ការគោះថ្ពាល់ អ្នកលេងត្រូវលេងរបៀបដដែល ប៉ុន្តែប្តូរពីការគោះថ្ពាល់មកជាការគោះដៃ គោះក្រោមចង្កា គោះពោះ និងភ្លៅទាំងសងខាងជំនួសវិញម្តង។ គោះពព្លាក់ជាល្បែងមួយដែលអ្នកលេងច្រើនជាមនុស្សជំទង់ៗ ឬចំណាស់ៗ។
៤. ល្បែងប្រជល់មាន់ :
ល្បែងប្រជល់មាន់ ជាល្បែងផ្តល់សំណើច និងការហ៊ោកញ្ជ្រៀវ មិនចាញ់ល្បែងបវរកញ្ញាធ្លាក់ទឹក។ល្បែងនេះមានអ្នកលេងចំនួនបួននាក់ បែងចែកជាពីរក្រុម។ ក្រុមនីមួយៗត្រូវមានម្នាក់ត្រូវដើរតួជាសត្វមាន់ និងម្នាក់ទៀតដើរតួជាម្ចាស់មាន់ដែលចាំឱ្យទឹក។ មុននឹងឱ្យមាន់ទាំងពីរជល់គ្នា ម្ចាស់មាន់ត្រូវទះដៃ ដោយបន្លឺសំឡេងថា “យើងបានគ្នាហើយ”។ បន្ទាប់ពីស្រែកហើយ តួអង្គមាន់ត្រូវធ្វើដៃទទះស្លាប ហើយដើរឱនៗដូចជាមាន់អួតរាងគ្នានិងដៃគូមួយទៀត។ ការអួតគ្នាបានបញ្ចប់ ម្ចាស់មាន់ចាំផ្តើមច្រៀងឡើងថា “មាន់នាងនីវ៉ឺយៗ ជល់និងមាន់នាងនល់ លោកឱ្យប្រជល់វ៉ឺយៗ មាន់យើងឈ្នះគេ”។ ច្រៀងហើយ មាន់ទាំងពីរលោតចូលរង្វង់កណ្តាល ធ្វើកាយវិការប្លែកៗដូចជាមាន់តាមការបញ្ជារបស់ម្ចាស់មាន់។ មាន់ណាមានកាយវិការស្វាហាប់ និងខ្លាំងក្លា ទទួលបានការហ៊ោកញ្ជ្រៀវ ក្លៀវក្លាពីអ្នកទស្សនាច្រើនជាងគេ ទុកថាជាអ្នកឈ្នះ។ អ្នកដើរតួអង្គមាន់ដែលទទួលបានជ័យជម្នះ ម្ចាស់គេនឹងឱ្យទឹកត្នោត ឬបបរដែលគេចាត់ថាជាការឱ្យទឹក។
អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖
– សៀវភៅល្បែងប្រជាប្រិយខ្មែរ បោះពុម្ពឆ្នាំ ១៩៦៤ រៀបរៀងដោយ លោក ចាប ពិន អ្នកស្រី ពេជ្រ សល់ លោក លី ធាមតេង និងលោក ស្តើង ធូរ។ គំនូរដោយ៖ សុខា ម៉េងលី
https://www.postkhmer.com/lift/%E1%9E%9B%E1%9F%92%E1%9E%94%E1%9F%82%E1%9E%84%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%87%E1%9E%B6%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%B7%E1%9E%99%E1%9E%81%E1%9F%92%E1%9E%98%E1%9F%82%E1%9E%9A%E1%9E%85%E1%9F%86%E1%9E%93%E1%9E%BD%E1%9E%93-%E1%9F%A4-%E1%9E%8A%E1%9F%82%E1%9E%9B%E1%9E%99%E1%9E%BB%E1%9E%9C%E1%9E%87%E1%9E%93%E1%9E%98%E1%9E%B7%E1%9E%93%E1%9E%9F%E1%9E%BC%E1%9E%9C%E1%9E%9F%E1%9F%92%E1%9E%82%E1%9E%B6%E1%9E%9B%E1%9F%8B