អត្ថបទព័ត៌មានស្តីពីការអប់រំ៖
ក្រោមប្រធានបទគោលដៅទី៤ ការអប់រំប្រកបដោយគុណភាព
អត្ថបទដោយ : អ៊ី ប៊ុនលី
#MJQE #American Intercon School
រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញពីការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីដឹកនាំប្រទេសកម្ពុជា ឆ្ពោះទៅរកគោលដៅអភិវឌ្ឍប្រកបដោយចីរភាពត្រឹមឆ្នាំ២០៣០ ដោយប្រទេសកម្ពុជាផ្លាស់មុខមាត់ថ្មីក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ (២០៣០) ហើយក្លាយជាប្រទេសអភិវឌ្ឍដែលមានចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០។ អង្គការសហប្រជាជាតិបានបង្កើតគោលដៅអភិវឌ្ឍប្រកបដោយចីរភាពចាប់ពីឆ្នាំ២០១៥-២០៣០ គឺជាយន្តការដែលត្រូវបន្តពីកម្មវិធីគោលដៅអភិវឌ្ឍសហស្សវត្សរ៍ ដែលមានចំនួន១៧គោលដៅ ដូចនេះហើយក្រសួងពាក់ព័ន្ធនានាក្នុងប្រទេសកម្ពុជា បានដាក់ចេញគោលនយោបាយផ្សេងៗគ្នាដោយបង្ហាញពីយុទ្ធសាស្រ្ត ក៏ដូចជាទស្សនវិស័យរបស់ស្ថាប័នខ្លួនធ្វើយ៉ាងណាជំរុញ និងឆ្លើយតបទៅនឹងគោលដៅទាំងនេះ និងកម្មវិធីនយោបាយជាតិផងដែរ។ ការកសាងធនធានមនុស្ស និងការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ គឺជាយន្តការសំខាន់ចម្បងទី១ ក្នុងយុទ្ធសាស្រ្តចតុកោណទាំង២ដំណាក់កាលចុងក្រោយ (ទី៣ និងទី៤) របស់រាជរដ្ឋាភិបាលកម្ពុជា។
អ្វីទៅជាគោលដៅទី៤?
គោលដៅទី៤ គឺជាគោលដៅអភិវឌ្ឍប្រកបដោយចរីភាពទី៤ ដែលធានាការអប់រំប្រកបដោយគុណភាព បរិយាបន្ន និងសមធម៌ និងលើកកម្ពស់កាលានុវត្តភាពសិក្សាពេញមួយជីវិតសម្រាប់ប្រជាជនគ្រប់រូប។ ការអប់រំ គាំទ្រសមិទ្ធផលសមភាពយេនឌ័រតាមរយៈការផ្តល់សិទ្ធិអំណាចដល់ស្ត្រី វាក៏មានសារៈសំខាន់ក្នុងការបង្កើតភាពធន់នៃបរិស្ថាននៅក្នុងសង្គមមួយដែលមានភាពរួមបញ្ចូល។ គោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី៤ មានចំណុចដៅទូទៅចំនួន៧ និងគោលដៅអនុវត្តចំនួន៣ និងសូចនាករចំនួន១១។
គោលបំណងនៃគោលដៅនេះ គឺពឹងផ្អែកលើការចាប់យកជំនាញ និងការកសាងសមត្ថភាពដើម្បីទទួលបាននូវចំណេះដឹងដែលកម្ពុជា និងប្រជាជនកម្ពុជាត្រូវការ។ ការអប់រំអាចនាំមកនូវការច្នៃប្រឌិត និងការបង្កើនកម្រិតផលិតភាព ហើយជាចុងក្រោយផ្តល់ផលប្រយោជន៍ដូចជា ធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចប្រសើរជាងមុន។ ស្ថាប័នឯកជន ក៏អាចរួមចំណែកដល់ការសម្រចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចរីភាពផងដែរ តាមរយៈការចូលរួមជាមួយរដ្ឋាភិបាល និងសង្គមស៊ីវិលដើម្បីគាំទ្រដល់គុណភាពនៃការអប់រំនៅក្នុងតំបន់របស់ពួកគេ។
ក្រសួងអបរំ យុវជន និងកីឡា បានចាប់ផ្តើមកំណែទម្រង់វិស័យអប់រំតាំងពីឆ្នាំ២០១៤ គឺមិនមែនជារឿងចៃដន្យនោះទេ ព្រោះកម្មវិធីនេះផ្សារភ្ជាប់នឹងគោលដៅទី៤ ការអប់រំប្រកដោយគុណភាព ដោយបានដាក់ចេញនូវផែនការយុទ្ធសាស្រ្ត២០១៤-២០១៨ ទាក់ទងនឹងចក្ខុវិស័យ២០៣០ របស់រដ្ឋាភិបាលគឺធ្វើយ៉ាងណា «កសាងសេដ្ឋកិច្ចឱ្យមានការប្រកួតប្រជែង សុខដុមនីយកម្ម និងនិរន្តភាព»។ ក្រសួងអប់រំបានបង្ហាញអំពីគោលនយោបាយអប់រំសំខាន់ចំនួន០៣ មានដូចជា៖
– ធានាលទ្ធភាពសេវាប្រកបដោយសមធម៌
– លើកកម្ពស់គុណភាព និងភាពឆ្លើយតប
– ធានាសក្តិសិទ្ធិភាពនៃភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងរបស់មន្រ្តីអប់រំ គ្រប់ជាន់ថ្នាក់។
ក្រសួងបានផ្តោតលើអនុវិស័យ៧ចម្បង គឺការអប់រំកុមារតូច ការអប់រំបឋមសិក្សា ការអប់រំមធ្យមសិក្សា និងការអប់រំបច្ចេកទេស ការអប់រំក្រៅប្រព័ន្ធ ការអភិវឌ្ឍយុវជន និងកាយរឹទ្ធិ និងកីឡា។ គោលនយោបាយទាំងនេះ ជំរុញឱ្យក្រសួងអប់រំសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ការផ្តល់សេវាអប់រំត្រូវប្រកបដោយសមធម៌ តម្លាភាព វិជ្ជាជីវៈ និងគណនេយ្យភាពជាមូលដ្ឋានផ្តល់ឱ្យមានគុណភាពតាម ស្តង់ដាឆ្លើយតបទៅនឹងតម្រូវការរបស់កុមារ យុវជន សហគមន៍ និងទីផ្សារការងារ។
សរុបមក យើងបានមើលឃើញគុណតម្លៃដែលកើតចេញពីការអនុវត្តគោលនយោបាយរបស់ក្រសួងអប់រំ ចាប់ពីឆ្នាំ២០១៤ មក ដោយមានការផ្លាស់ប្តូរជាវិជ្ជមានភាគច្រើន ចាប់ផ្តើមពីការលុបបំបាត់បញ្ហាពុករលួយ និងការលួចចម្លងអំឡុងពេលប្រឡង ការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យអប់រំ (កម្មវិធីអប់រំក្នុងទូរសព្ទដៃ វីដេអូបង្រៀននានា ការបង្រៀនអនឡាញ…) ការបង្កើតសាលាជំនាន់ថ្មី ការបង្កើតកម្មវិធីទាក់ទងនឹងវិទ្យាសាស្រ្ត…។ ទោះជាយ៉ាងណាក៏ ដោយនៅមានបញ្ហាប្រឈមជាច្រើនទៀតដែលក្រសួងអប់រំត្រូវដោះស្រាយ និងទាមទារការចូលរួមជាមួយដៃគូនានាដូចជា អង្គការជំនាញ ផ្នែកឯកជន ភាគីជំនួយ ជាពិសេសប្រជាជនកម្ពុជាទាំងមូលដែលជាចលករដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្នុងការពន្លឿនការអនុវត្តគោលដៅទី៤នេះ ដែលក្រសួងអប់រំត្រូវជំរុញកម្មវិធីកំណែទម្រង់បន្តទៀតឱ្យគ្រប់ជ្រុង ជ្រោយដោយប្រសិទ្ធភាពខ្ពស់។
ដកស្រង់ចេញេពី៖
១. អង្គការសហប្រជាជាតិ ឆ្នាំ២០១៥៖ “ផ្លាស់ប្តូរពិភពលោករបស់យើង របៀបវារៈ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព”។
២. រាជរដ្ឋាភិបាលកម្ពុជា ឆ្នាំ២០១៨៖ “គោលដៅអភិវឌ្ឍន៍កម្ពុជាប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០”។
៣. អង្គការទិន្នន័យអំពីការអភិវឌ្ឍ៖(https://opendevelopmentcambodia.net/km/topics/sdg-4-quality-education/)
៤. អង្គការទស្សនៈវិស័យពិភពលោក ២០១៧៖ “ការអប់រំគោលនយោបាយសង្ខេបប្រទេសកម្ពុជា”។
៥. រាជរដ្ឋាភិបាលកម្ពុជា យុទ្ធសាស្រ្តចតុកោណដំណាក់ទី៣ (ឆ្នាំ២០១៥) និងដំណាក់កាលទី៤ (ឆ្នាំ២០១៨)។