អត្ថបទព័ត៌មានស្តីពីការងារ និងអាជីវកម្ម
ក្រោមប្រធានបទ “ការងារមេផ្ទះ មានតម្លៃស្មើគ្នានឹងការធ្វើការងារនៅក្រៅផ្ទះ”
អត្ថបទដោយ : ស៊ូ គីមផេង
#MJQE #American Intercon School
ទស្សនៈសង្គម : នៅក្នុងមាត្រា៣៦ ច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ បានចែងថា៖ «ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិទទួលប្រាក់បំណាច់ស្មើគ្នាចំពោះការងារដូចគ្នា។ ការងារមេផ្ទះមានតម្លៃស្មើគ្នា ទៅនឹងកម្រៃដែលបានមកពីការងារធ្វើនៅក្រៅផ្ទះ»។
ប៉ុន្តែ បើពិនិត្យមើលការអនុវត្តជាក់ស្តែងនៅក្នុងសង្គមខ្មែរ ស្ត្រីហាក់ដូចជាមិនទាន់ត្រូវបានគេឱ្យតម្លៃបានត្រឹមត្រូវនៅឡើយទេ។ ស្ត្រីនៅតែត្រូវបានគេចាត់ទុកថា ជាភេទទន់ខ្សោយ ហើយសមត្ថភាពនៅមានកម្រិត ការទទួលប្រាក់បៀវត្សរ៍ក៏មិនសូវពេញទៅតាមអ្វីដែលខ្លួនបានខិតខំប្រឹងប្រែងនៅឡើយដែរ។ ស្ថានភាពនេះបានធ្វើឱ្យស្ត្រីទទួលរងទុក្ខផ្នែកផ្លូវចិត្ត និងបាត់បង់តម្លៃរបស់ខ្លួន។ នេះមិនទាន់គិតពីការប្រើអំពើហិង្សានានា ប្រឆាំងនឹងស្រ្តីភេទពីសំណាក់បុរសមួយចំនួនផង។ នៅក្នុងសម័យសាកលភាវូបនីយកម្មក្នុងសតវត្សរ៍ទី២១នេះ មនុស្សគ្រប់រូបមានសិទ្ធិស្មើគ្នាដោយមិនប្រកាន់ឋានៈ ពណ៌សម្បុរ ភេទ ឬជាតិសាសន៍ឡើយ។
នៅក្នុងមាត្រា៤៥ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា បានចែងថា៖ «ការរើសអើងគ្រប់ប្រភេទ ប្រឆាំងនឹងស្ដ្រីភេទត្រូវបំបាត់ចោល។ ការធ្វើអាជីវកម្មលើការងាររបស់ស្ដ្រីត្រូវហាមឃាត់។ បុរស និងស្ដ្រីមានសិទ្ធិស្មើគ្នាក្នុងគ្រប់វិស័យទាំងអស់ ជាពិសេសក្នុងអាពាហ៍ពិពាហ៍ និងគ្រួសារ។ ទន្ទឹមនឹងការលើកតម្កើងនេះ ស្ត្រីខ្លួនឯងផ្ទាល់ក៏គួរខិតខំប្រឹងប្រែងបន្ថែមទៀតពីលើអ្វីដែលខ្លួនបានធ្វើ ហើយបង្ហាញអំពីការចូលរួមយ៉ាងសកម្មរបស់ស្ត្រីក្នុងកិច្ចអភិវឌ្ឍនៅគ្រប់កម្រិត គ្រប់វិស័យ និងគ្រប់កាលៈទេសៈស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ»។
ស្ត្រីគួរតែត្រូវបានលើកទឹកចិត្តឱ្យបានច្រើនបំផុតក្នុងការបញ្ចេញសមត្ថភាពរបស់ខ្លួនជាជាងការមើលឃើញពីភាពខ្សោយរបស់ស្ត្រី ហើយចំពោះទ្រឹស្តី «ស្ត្រីបង្វិលជើងក្រានមិនជុំ ក៏កាន់តែគ្មានន័យថែមទៀតសម្រាប់សង្គម និងពិភពលោកដ៏ស៊ីវិល័យនាពេលបច្ចុប្បន្ននេះ»៕