រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែមិថុនានេះ បានសម្រេចកំណត់ផ្នែកខ្លះនៃភូមិចោមចៅ៣ នៃសង្កាត់ចោមចៅទី២ និងផ្នែកខ្លះនៃភូមិត្រពាំងពោធិ៍ ផ្នែកខ្លះនៃភូមិព្រៃព្រីងខាងជើង២ ព្រមទាំងផ្នែកខ្លះនៃភូមិជម្ពូវ័ន២ នៃសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ជាតំបន់លឿងទុំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ។
ការសម្រេចបិទខ្ទប់តំបន់លឿងទុំនេះ ដោយសារតែផ្ទុះការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងរោងចក្រកាត់ដេរ ហ្គ្រេន ធ្វីន អតីតរោងចក្រ កាត់ដេរ QMI នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយធ្វើតេស្តលើកម្មករកាត់ដេរជាង ៤ ០០០ នាក់ កាលពីថ្ងៃទី៤-៦ ខែមិថុនា ឆ្នាំ២០២១ នៅរោងចក្រកាត់ដេរ QMI រកឃើញអ្នកឆ្លងកូវីដ ២៩៦ នាក់។
ការបិទខ្ទប់នៅតំបន់លឿងទុំ ដែលទើបកំណត់ថ្មីនេះ មានរយៈពេល ១៤ ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ។
នៅតំបន់ជុំវិញរោងចក្រកាត់ដេរ QMI ដែលស្ថិតនៅតំបន់មុខវិទ្យាល័យជម្ពូវ័ន តាមផ្លូវជាតិលេខ៤ ជិតរង្វង់មូលចោមចៅ បានធ្វើឡើងដាក់របាំងបិទខ្ទប់ ចាប់តាំងពីល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ ។
គិតត្រឹម ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៣៦ ២៤០ នាក់ ខណៈអ្នកជាសះស្បើយចំនួន ២៩ ០៤៧ នាក់ និងករណីស្លាប់សរុប ២៩៨ នាក់ ៕
អត្តបទដកស្រកចេញពី៉៖ https://www.interconrooster.com/archives/2021/06/09/57576?fbclid=IwAR1WpowYWuo5oKGzHgdU8L66tNSxnxQizgxU7I2DVm8jSf7XovcnqutCmKY