នៅក្នុងសតវត្សកំពុងរីកចម្រើន ស្ត្រីត្រូវបានគេលើកតម្កើង និងឱ្យតម្លៃសិទ្ធិសេរីភាពស្មើទៅនឹងបុរស និងមានសកម្មភាពយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម និងប្រទេសជាតិ។ ស្របទៅនឹងមតិខាងលើនេះ យុវជន វណ្ណៈ ណូបលហ្ស៊ូលី បានប្រាប់សារព័ត៌មានយើងអំពីឃ្លាដែលបានលើកឡើង ស្ត្រីមិនអាចធ្វើការងារធំដូចទៅនឹងបុរស ដូច្នេះថា «ខ្ញុំយល់ថាវាជាផ្នត់គំនិតមួយដែលហួសសម័យទៅហើយ និងខុសពីការពិតសម្រាប់សម័យកាលសតវត្សទី២១នេះ ព្រោះក្នុងពេលបច្ចុប្បន្ន ស្រ្តីនិងបុរសទទួលបានសិទ្ធិស្មើគ្នាទាំងក្នុងគ្រួសារ និងសង្គមជាតិនូវឱកាសចូលរួមសកម្មភាពការងារគ្រប់ប្រភេទ»។
យុវសិស្សដដែលបន្ថែមថា «ស្រ្តីក៏ទទួលបានការសិក្សាគ្រប់គ្រាន់ និងខ្ពង់ខ្ពស់ដូចនឹងបុរសដែរ មិនត្រឹមតែប៉ុណ្ណោះស្រ្តីមួយចំនួនធំក៏បានសម្រេចនូវសមិទ្ធផលជាច្រើន ដែលជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ថាស្រ្តីក៏អាចធ្វើការងារធំដូចជាបុរសដែរ»។
សម្រាប់ ណូបលហ៊្សូលី យល់ឃើញថា «បើសិនគ្មានវត្តមានស្ត្រីចូលរួមអភិវឌ្ឍសង្គម និងប្រទេសជាតិទេ នោះសង្គមនិងប្រទេសជាតិក៏មិនអាចរីកចម្រើនបានលឿនដែរ ព្រោះក្នុងជីវភាពរស់នៅរបស់មនុស្សចាំបាច់ត្រូវតែមានការចូលរួមពីបុរសនិងស្រ្តីទាំងសងខាង ហើយស្រ្តី គឺជាដៃគូដែលបុរសមិនអាចខ្វះបានក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើន និងរុងរឿង ដូច្នេះហើយទើបយើងឃើញមានវត្តមានរបស់ស្រ្តីនៅគ្រប់ទីកន្លែង គ្រប់ក្រសួងស្ថាប័នទាំងអស់ ព្រោះពួកគាត់ជាកម្លាំងចលករដ៏សំខាន់ដែលរុញច្រានឲ្យប្រទេសជាតិមានវឌ្ឍនភាពយ៉ាងឆាប់រហ័ស»។
យុវជនឆ្នើមរូបនេះបញ្ជាក់ថា «ស្ត្រីត្រូវតែទទួលបានសិទ្ធិស្មើនឹងបុរស ព្រោះនៅពេលមានសមភាពយេនឌ័រ មនុស្សអាចរស់នៅជាមួយគ្នាដោយសន្តិភាព គ្មានអំពើហិង្សា គ្មានការរើសអើង រីឯក្នុងគ្រួសារក៏មានភាពសុខដុមរមនានិងភាពកក់ក្ដៅ ប្រជាជនរស់នៅដោយស្មារតីទំនួលខុសត្រូវ ការគោរពនិងឲ្យតម្លៃគ្នា មានសីលធម៌និងកុសលល្អ ធ្វើឲ្យសង្គមគ្រួសារនិងសង្គមជាតិគ្របដណ្តប់ដោយការអភិវឌ្ឍឥតឈប់ឈរ»។
ចំពោះសកម្មភាពចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ យុវជនរូបនេះសង្កេតឃើញថា បុរស និងស្ត្រីមានតួនាទីយ៉ាងសំខាន់ដូចៗគ្នាសម្រាប់គ្រួសារ និងសង្គមដូចជា មើលថែទាំសុខភាពខ្លួនឲ្យបានល្អ អនុវត្តតាមវិធានការណ៍នៃការទប់ស្កាត់ជំងឺកូវីដ១៩ ឲ្យបានខ្ជាប់ខ្ជូន ផ្សព្វផ្សាយពីវិធីទប់ស្កាត់ និងផលវិបាកនៃជំងឺនេះទៅកាន់មនុស្សជុំវិញខ្លួន មានស្មារតីទំនួលខុសត្រូវខ្ពស់ និងចេះជួយយកអាសារគ្នាក្នុងគ្រាអាសន្នជាដើម។
តាមរយៈកិច្ចសម្ភាសជាមួយសារព័ត៌មាន The Intercon Rooster យុវសិស្ស ណូបលហ៊្សូលី ក៏បានលើកទឹកចិត្តដល់ស្ត្រីឱ្យមានភាពរឹងមាំ និងក្លាហានឡើងចូលរួមសកម្មភាពជាមួយនឹងបុរស ដើម្បីសម្រេចនូវគោលបំណង ព្រមទាំងជាធនធានមនុស្សក្នុងការអភិវឌ្ឍសង្គម និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើន និងប្រសើរឡើង។
សូមជម្រាបថា យុវជន វណ្ណៈ ណូបលហ្ស៊ូលី ជាសិស្សថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក និងជាសិស្សឆ្នើមប្រចាំសាលារៀនផងដែរ៕
អត្តបទដោយ https://www.interconrooster.com/