ដើម្បីរួមចំណែកលើកស្ទួយវិស័យអប់រំ ព្រមទាំងបណ្ដុះបណ្ដាលធនធានមនុស្សទាំងនៅក្នុងតំបន់ និងឆាកអន្តរជាតិ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងសក្ដានុពលនោះ សាលារៀន អន្តរទ្វីប អាមេរិកាំង (American Intercon School) កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ បានចុះអនុស្សារណៈយោគយល់ (MoU) ជាមួយនឹងសាកលវិទ្យាល័យចិនដ៏ល្បីមួយ គឺ International Business School, Beijing Foreign Studies University, China ។
ការចុះអនុស្សារណៈយោគយល់ជាផ្លូវការនេះ ធ្វើឡើងតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញរវាងគ្រឹះស្ថានសិក្សានៃសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលមានលោកស្រី រស់ យ៉ាណា ជាប្រធានសាលារៀន និងអ្នកតំណាងសាកលវិទ្យាល័យចិន លោក Hardy Niu ដែលជាព្រឹទ្ធបុរស និងកញ្ញា Lily Dong ជំនួយការព្រឹទ្ធបុរស នៃសាកលវិទ្យាល័យ International Business School, Beijing Foreign Studies University, China រួមទាំងអ្នកពាក់ព័ន្ធជាជនជាតិខ្មែរ និងជនជាតិចិន ជាច្រើនរូប។
ទាក់ទិននឹងការចុះ MoU រវាងសាកលវិទ្យាល័យនៅក្នុងប្រទេសចិន ជាមួយនឹង សាលារៀន អន្តរទ្វីប អាមេរិកាំង បើតាមលោកស្រី រស់ យ៉ាណា ប្រធានគ្រឹះស្ថានសិក្សានៅក្នុងស្រុកខ្មែរ បានប្រាប់អ្នកសារព័ត៌មានយើងថា «ដោយសារតែកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់ សាលារៀន អន្តរទ្វីប អាមេរិកាំង បានធ្វើឱ្យសាកលវិទ្យាល័យ IBS BFSU ជ្រើសរើសតំណាងឱ្យកម្ពុជា ដើម្បីបង្កើតនូវទំនាក់ទំនង និងជាដៃគូសហការល្អក្នុងការបង្កើននូវគុណភាពអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយសក្ដានុពល តាមរយៈការផ្លាស់ប្ដូរការសិក្សានៅក្រៅប្រទេស។
ប្រធានសាលារៀនដដែលបន្ថែមថា សាលារៀនរបស់ខ្លួនក៏បានបញ្ចូលសិស្សានុសិស្សទៅសិក្សានៅប្រទេសចិនរយៈពេល២ឆ្នាំរួចមកហើយតាំងពីឆ្នាំសិក្សា២០១៨-២០១៩។ ក្នុងនោះ មានសិស្សឆ្នើម៦រូប ដែលទទួលបានអាហារូបករណ៍ ខណៈឆ្នាំសិក្សា២០១៩-២០២០ ក៏ទទួលបានអាហារូបករណ៍ចំនួន៦រូបដូចគ្នានោះដែរ។ លោកស្រីបញ្ជាក់ថា «ទោះបីជាឆ្នាំកន្លងទៅមិនទាន់មានការចុះ MoU ជាមួយនឹងគ្នាក៏ពិតមែន ក៏ប៉ុន្តែលក្ខខណ្ឌដែលដៃគូទទួលស្គាល់គឺសាលារៀន អន្តរទ្វីប អាមេរិកាំង ជាគ្រឹះស្ថានសិក្សាដ៏ល្អក្នុងប្រទេសកម្ពុជា ដែលមានស្តង់ដា សិស្សមានសមត្ថភាពភាសា សមត្ថភាពចំណេះដឹង ភាពឈ្លាសវៃ អាកប្បកិរិយា សីលធម៌ក្នុងសង្គម ចំណេះដឹងទូទៅ និងឥរិយាបថថ្លៃថ្នូរ។
ប្រធានសាលារៀនដដែលអះអាងថា ការចុះអនុស្សារណៈនេះ ធ្វើឡើងក៏ដើម្បីរឹតចំណងមិត្តភាព និងឯកភាពថា សាលាបានព្រមព្រៀង និងសហការក្នុងការផ្តល់ឱកាសអាហារូបករណ៍ដល់សិស្សានុសិស្សពូកែនៅកម្ពុជា ដើម្បីបន្តការសិក្សានៅក្រៅប្រទេស។ ជាពិសេស គឺផ្តល់ឱកាសឱ្យសិស្សឈ្វេងយល់ និងរៀនពីវប្បធម៌ថ្មីៗ បទពិសោធជីវិត ស្គាល់ពីទំនៀមទម្លាប់ថ្មី បង្កើតមិត្តភាពពេញមួយជីវិត យល់ដឹងពីរបៀបរស់នៅបែបឆ្ងាយពីក្រុមគ្រួសារ មានម្ចាស់ការ និងឯករាជភាពទៀតផង។
ពាក់ព័ន្ធនឹងបញ្ហានេះ អតីតសិស្សឆ្នើម នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក និងបច្ចុប្បន្នជានិស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យនៅក្នុងប្រទេសចិន កញ្ញា សំរិទ្ធ អមរា បានឱ្យដឹងដែរថា តាមរយៈបទពិសោធផ្ទាល់ដែលកំពុងសិក្សានៅសាកលវិទ្យាល័យក្នុងប្រទេសចិន បានជំរុញឱ្យខ្លួនមានភាពក្លាហាន មានម្ចាស់ការ ម៉ឺងម៉ាត់ ជាពិសេស ដឹងពីវប្បធម៌ក្នុងការរស់នៅឃ្លាតឆ្ងាយពីគ្រួសារ។ និស្សិតសិក្សានៅចិនដដែលបន្ថែមថា បច្ចុប្បន្ន ខ្លួនបានជួបនូវបញ្ហាថ្មី គឺតម្រូវឱ្យរៀន និងប្រឡងតាមប្រព័ន្ធអ៊ីនធ័រណែត ដោយសារតែជំងឺកូវីដ១៩ បាននិងកំពុងរាតត្បាតជាសកល។
យុវតីរូបនេះបានសង្កត់ធ្ងន់ថា អ្វីដែលកាន់តែពិសេសនោះ គឺការសិក្សានៅចិនមានការចូលរួម និងការរៀនសូត្រសកម្មដោយការចុះសង្កេតដោយផ្ទាល់នៅតាមបណ្ដាក្រុមហ៊ុនក្នុងតំបន់ ហើយសួរនាំផ្ទាល់ពីរបៀបរបបការងារជាក់ស្ដែងទៅតាមវិស័យនានា និងសង្កេតពីសកម្មភាពប្រចាំថ្ងៃនៅតាមសហគ្រាស និងបុគ្គលិកបម្រើការងារនៅទីនោះ។ អមរា បន្តថា ការអនុវត្ដចំណេះដឹងដោយផ្សារភ្ជាប់ទៅនឹងសកម្មភាពជាក់ស្ដែង បង្កើតទំនាក់ទំនងជាមួយនិស្សិតបណ្ដាប្រទេសដទៃទៀត ព្រមទាំងទទួលបានការចែករំលែក និងរៀនសូត្រពីគ្នាទៅវិញទៅមក ថ្នាក់ភាសាចិន មុខវិជ្ជាជម្រើសផ្សេងៗដែលបន្ថែមការយល់ដឹងពីវប្បធម៌ប្រទេសចិន ការចុះកម្មសិក្សា។
គួរជម្រាបជូនថា បច្ចុប្បន្ន សាលារៀន អន្តរទ្វីប អាមេរិកាំង នៅក្នុងប្រទេសកម្ពុជា កំពុងទទួលបានការគាំទ្រ និងល្បីល្បាញទាំងថ្នាក់ជាតិ និងអន្តរជាតិ ព្រមទាំងទទួលស្គាល់ជាគ្រឹះស្ថានសិក្សាដែលបណ្ដុះបណ្ដាលធនធានមនុស្សយ៉ាងសកម្ម ដោយផ្ដោតទៅលើគុណភាព វិន័យ និងសេវាកម្មល្អនៅក្នុងតំបន់៕
អត្ថបទ: https://www.interconrooster.com/