ក្រុមហ៊ុន​ ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ2005​ គឺជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ដែល​បាន​ និង​កំពុង​ឈានមុខ​គេ​ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​ផ្តោត​សំខាន់​ទៅលើ​វិស័យ​អប់រំ​ សុខាភិបាល​ ហិរញ្ញវត្ថុ​ និង​ការ​អភិវឌ្ឍ​សង្គម​ និង​សហគមន៍​។ ដោយសារ​ការ​រីកចម្រើន​ ភាព​ជោគជ័យ​ និង​តម្រូវការ​របស់​ក្រុមហ៊ុន​ ការិយាល័យ​កត់ត្រា​ប្រវត្តិសាស្ត្រ​បាន​បង្កើត​ឡើង​ក្រោម​ចក្ខុ​ វិស័យ​រក្សាទុក​ ព័ត៌មាន​ កត់ត្រា​រាល់​ព្រឹត្តិ​ការណ៍​ ការ​វិវត្ត​ ភាព​រីក​ ចម្រើន​ និង​ភាព​ជោគជ័យ​សំ​ខាន់​ៗដែល​កើតមានឡើង​ជា​រៀងរាល់ថ្ងៃ​របស់​ក្រុមហ៊ុន​ទាំងមូល​។

បេសកកម្ម​ចម្បង​របស់​ការិយាល័យ​កត់ត្រា​ប្រវត្តិសាស្ត្រ​ គឺ​មាន​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​កត់ត្រា​នូវ​ព័ត៌មាន​ សកម្មភាព​ និង​ព្រឹត្តិ​កា​រណ៍​ផ្សេង​ៗ ដែល​កើតមាន​ក្នុង​ក្រុមហ៊ុន​។ លើស​ពីនេះ​ទៀត​ ការិយាល័យ​កត់ត្រា​ប្រវត្តិសាស្ត្រ​ ជា​ដៃគូ​សហការ​ដ៏​ជិតស្និទ្ធ​ជាមួយ​ផ្នែក​ផ្សេង​ៗ និង​ការិយាល័យ​ទាំងអស់​របស់​ក្រុមហ៊ុន​ក្នុង​ការ​ផ្តល់​នូវ​ព័ត៌មាន​ទាំងឡាយ​ណា​ជា​តម្រូវការ​របស់​ផ្នែក​នី​មួយ​ៗ ដែល​កើតមានឡើង​។

ការិយាល័យ​កត់ត្រា​ប្រវត្តិ​សាស្រ្ត​ ផ្តល់​ជូន​នូវ​ឯកសារ​សម្បូរ​បែប​ ជាក់លាក់​ គ្រប់ជ្រុងជ្រោយ​ និង​ជា​ធនធាន​ព័ត៌មាន​ដ៏​សំខាន់​របស់​ក្រុមហ៊ុន​ ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​៕